សាស្ដា 8:1-8 Khmer Standard Version (KHSV)

1. តើ​នរណា​ដូច​អ្នក​ប្រាជ្ញ តើ​នរណា​អាច​ពន្យល់​ព្រឹត្តិ‌ការណ៍​ផ្សេងៗ​បាន? ប្រាជ្ញា​របស់​មនុស្ស​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​របស់​គេ​ភ្លឺ​ថ្លា ព្រម​ទាំង​បំផ្លាស់‌បំប្រែ​ទឹក​មុខ​ដ៏​មួហ្មង​របស់​គេ​ផង។

2. ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ស្ដេច ដោយ​យល់​ពាក្យ​ដែល​យើង​បាន​សច្ចា​ចំពោះ​ព្រះ‌ជាម្ចាស់

3. កុំ​បោះ​បង់​ចោល​ស្ដេច​ឲ្យ​សោះ ហើយ​ក៏​កុំ​តាំង​ចិត្ត​មានះ​ប្រព្រឹត្ត​អំពើ​ដែល​ស្ដេច​មិន​គាប់​ព្រះ‌ហឫទ័យ​ដែរ ដ្បិត​ស្ដេច​អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់​តាម​ព្រះ‌រាជ​បំណង។

4. ស្ដេច​មាន​រាជ‌ឱង្ការ​យ៉ាង​ណា​ក្ដី ក៏​សុទ្ធ​តែ​មាន​អំណាច។ គ្មាន​នរណា​អាច​សួរ​ស្ដេច​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ធ្វើ​ដូច្នេះ” បាន​ឡើយ។

5. អ្នក​ធ្វើ​តាម​បទ‌បញ្ជា មិន​ដែល​ជួប​នឹង​ទុក្ខ​ទោស​ឡើយ។ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ចេះ​សម្គាល់​មើល​កាលៈ‌ទេសៈ និង​ការ​វិនិច្ឆ័យ។

6. អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រព្រឹត្ត​នឹង​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ នៅ​ពេល​អំពើ​អាក្រក់​របស់​មនុស្ស​កើន​ដល់​កម្រិត។

7. មនុស្ស​ពុំ​អាច​ដឹង​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល​បាន​ឡើយ គ្មាន​នរណា​ម្នាក់​ប្រាប់​ឲ្យ​គេ​ដឹង​ទេ។

8. មនុស្ស​គ្មាន​អំណាច​នឹង​ឃាត់​ដង្ហើម​ជីវិត​របស់​ខ្លួន​បាន​ឡើយ ហើយ​ក៏​ពុំ​អាច​ពន្យារ​ថ្ងៃ​ស្លាប់​របស់​ខ្លួន​បាន​ដែរ។ គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​ពី​ការ​តយុទ្ធ​ទេ រីឯ​អំពើ​អាក្រក់​ពុំ​អាច​ជួយ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ឲ្យ​រួច​ជីវិត​បាន​ជា​ដាច់​ខាត។

សាស្ដា 8