5. ស្ដាប់ពាក្យស្ដីបន្ទោសរបស់មនុស្សមានប្រាជ្ញាប្រសើរជាងស្ដាប់ពាក្យបញ្ចើចបញ្ចើរបស់មនុស្សល្ងីល្ងើ។
6. សំណើចរបស់មនុស្សលេលាប្រៀបបីដូចជាស្នូរបន្លាដែលឆេះនៅពីក្រោមឆ្នាំង។ត្រង់នេះក៏ឥតបានការអ្វីដែរ។
7. ពេលណាអ្នកប្រាជ្ញប្រើអំណាចសង្កត់សង្កិនអ្នកដទៃអ្នកប្រាជ្ញនោះក្លាយទៅជាមនុស្សលេលាហើយសំណូកក៏រមែងធ្វើឲ្យមនុស្សពុករលួយដែរ។
8. បង្ហើយការងារអ្វីមួយ វិសេសជាងចាប់ផ្ដើមចិត្តអត់ធ្មត់ ក៏វិសេសជាងចិត្តអួតបំប៉ោងដែរ។
9. កុំឆាប់មានចិត្តមួម៉ៅឡើយដ្បិតមានតែមនុស្សលេលាប៉ុណ្ណោះដែលរហ័សមួម៉ៅ។
10. មិនត្រូវពោលថា «ហេតុអ្វីបានសម័យបុរាណប្រសើរជាងសព្វថ្ងៃ?» ដ្បិតសំណួរបែបនេះមិនមែនមកពីប្រាជ្ញាទេ។
11. ប្រាជ្ញាមានតម្លៃដូចកេរមត៌ក ហើយតែងតែផ្ដល់ផលប្រយោជន៍ឲ្យមនុស្សគ្រប់ៗរូប។
12. ស្ថិតនៅក្រោមម្លប់ប្រាជ្ញាក៏ដូចជាស្ថិតនៅក្រោមម្លប់របស់ប្រាក់ដែរ។ គុណប្រយោជន៍នៃចំណេះដឹងមានដូចតទៅ: ប្រាជ្ញាតែងតែផ្ដល់អាយុយឺនយូរដល់អ្នកដែលមានប្រាជ្ញា។
13. ចូរសង្កេតមើលកិច្ចការដែលព្រះជាម្ចាស់ធ្វើ។ អ្វីៗដែលព្រះអង្គធ្វើឲ្យកោង នោះគ្មាននរណាអាចពត់ឲ្យត្រង់បានឡើយ។
14. នៅថ្ងៃមានសុភមង្គល ចូរសប្បាយរីករាយ ហើយនៅថ្ងៃមានទុក្ខវេទនា ចូររិះគិតពិចារណា។ ព្រះជាម្ចាស់ធ្វើឲ្យមានសុភមង្គល និងទុក្ខវេទនា ដើម្បីកុំឲ្យមនុស្សដឹងថា អនាគតនឹងទៅជាយ៉ាងណា។
15. ក្នុងជីវិតដ៏ឥតន័យរបស់ខ្ញុំនេះ ខ្ញុំបានសង្កេតឃើញហេតុការណ៍គ្រប់យ៉ាង។ ខ្ញុំឃើញមនុស្សសុចរិតបាត់បង់ជីវិត ព្រោះតែអំពើសុចរិត ហើយមនុស្សទុច្ចរិតមានអាយុវែងដោយសារអំពើទុច្ចរិតរបស់ខ្លួន។
16. កុំសុចរិតជ្រុលពេក ហើយក៏កុំបង្ហាញថាខ្លួនមានប្រាជ្ញាជ្រុលពេកដែរ ក្រែងនាំឲ្យខ្លួនវិនាស។
17. កុំបណ្ដោយខ្លួនឲ្យអាក្រក់ហួសហេតុ ហើយក៏កុំលេលាឲ្យសោះ ក្រែងនាំឲ្យខ្លួនអាយុខ្លី។
18. ត្រូវតែទទួលយកយោបល់ទាំងពីរនេះ ដ្បិតអ្នកដែលកោតខ្លាចព្រះជាម្ចាស់ នៅពេលស្ថានភាពទាំងពីរកើតមាន គេតែងតែមានច្រកចេញជានិច្ច។
19. ប្រាជ្ញារមែងធ្វើឲ្យអ្នកប្រាជ្ញមានកម្លាំង ជាងអភិបាលដប់នាក់នៅក្នុងក្រុងមួយទៅទៀត។
20. នៅលើផែនដីនេះ គ្មានមនុស្សណាម្នាក់សុចរិតធ្វើតែអំពើល្អ ហើយមិនប្រព្រឹត្តអំពើបាបនោះឡើយ។