14. នៅថ្ងៃមានសុភមង្គល ចូរសប្បាយរីករាយ ហើយនៅថ្ងៃមានទុក្ខវេទនា ចូររិះគិតពិចារណា។ ព្រះជាម្ចាស់ធ្វើឲ្យមានសុភមង្គល និងទុក្ខវេទនា ដើម្បីកុំឲ្យមនុស្សដឹងថា អនាគតនឹងទៅជាយ៉ាងណា។
15. ក្នុងជីវិតដ៏ឥតន័យរបស់ខ្ញុំនេះ ខ្ញុំបានសង្កេតឃើញហេតុការណ៍គ្រប់យ៉ាង។ ខ្ញុំឃើញមនុស្សសុចរិតបាត់បង់ជីវិត ព្រោះតែអំពើសុចរិត ហើយមនុស្សទុច្ចរិតមានអាយុវែងដោយសារអំពើទុច្ចរិតរបស់ខ្លួន។
16. កុំសុចរិតជ្រុលពេក ហើយក៏កុំបង្ហាញថាខ្លួនមានប្រាជ្ញាជ្រុលពេកដែរ ក្រែងនាំឲ្យខ្លួនវិនាស។
17. កុំបណ្ដោយខ្លួនឲ្យអាក្រក់ហួសហេតុ ហើយក៏កុំលេលាឲ្យសោះ ក្រែងនាំឲ្យខ្លួនអាយុខ្លី។
18. ត្រូវតែទទួលយកយោបល់ទាំងពីរនេះ ដ្បិតអ្នកដែលកោតខ្លាចព្រះជាម្ចាស់ នៅពេលស្ថានភាពទាំងពីរកើតមាន គេតែងតែមានច្រកចេញជានិច្ច។
19. ប្រាជ្ញារមែងធ្វើឲ្យអ្នកប្រាជ្ញមានកម្លាំង ជាងអភិបាលដប់នាក់នៅក្នុងក្រុងមួយទៅទៀត។
20. នៅលើផែនដីនេះ គ្មានមនុស្សណាម្នាក់សុចរិតធ្វើតែអំពើល្អ ហើយមិនប្រព្រឹត្តអំពើបាបនោះឡើយ។
21. ហេតុនេះ កុំយកចិត្តទុកដាក់ស្ដាប់ពាក្យសម្ដីទាំងប៉ុន្មាន ដែលមនុស្សម្នានិយាយឡើយ បើមិនដូច្នោះទេ ក្រែងលោអ្នកឮខ្ញុំបម្រើរបស់អ្នកនិយាយអាក្រក់ពីអ្នក។
22. អ្នកដឹងខ្លួនស្រាប់ហើយថា អ្នកក៏ធ្លាប់និយាយអាក្រក់ពីអ្នកដទៃ ជាច្រើនលើកច្រើនសាដែរ។
23. ខ្ញុំពិនិត្យពិច័យមើលហេតុការណ៍ទាំងនេះដោយប្រើប្រាជ្ញា ហើយខ្ញុំគិតថា ខ្ញុំនឹងមានប្រាជ្ញា តែប្រាជ្ញាស្ថិតនៅឆ្ងាយពីខ្ញុំនៅឡើយ។