12. ស្ថិតនៅក្រោមម្លប់ប្រាជ្ញាក៏ដូចជាស្ថិតនៅក្រោមម្លប់របស់ប្រាក់ដែរ។ គុណប្រយោជន៍នៃចំណេះដឹងមានដូចតទៅ: ប្រាជ្ញាតែងតែផ្ដល់អាយុយឺនយូរដល់អ្នកដែលមានប្រាជ្ញា។
13. ចូរសង្កេតមើលកិច្ចការដែលព្រះជាម្ចាស់ធ្វើ។ អ្វីៗដែលព្រះអង្គធ្វើឲ្យកោង នោះគ្មាននរណាអាចពត់ឲ្យត្រង់បានឡើយ។
14. នៅថ្ងៃមានសុភមង្គល ចូរសប្បាយរីករាយ ហើយនៅថ្ងៃមានទុក្ខវេទនា ចូររិះគិតពិចារណា។ ព្រះជាម្ចាស់ធ្វើឲ្យមានសុភមង្គល និងទុក្ខវេទនា ដើម្បីកុំឲ្យមនុស្សដឹងថា អនាគតនឹងទៅជាយ៉ាងណា។
15. ក្នុងជីវិតដ៏ឥតន័យរបស់ខ្ញុំនេះ ខ្ញុំបានសង្កេតឃើញហេតុការណ៍គ្រប់យ៉ាង។ ខ្ញុំឃើញមនុស្សសុចរិតបាត់បង់ជីវិត ព្រោះតែអំពើសុចរិត ហើយមនុស្សទុច្ចរិតមានអាយុវែងដោយសារអំពើទុច្ចរិតរបស់ខ្លួន។