14. មនុស្សមានប្រាជ្ញាដឹងថា ខ្លួនកំពុងធ្វើដំណើរទៅទីណា រីឯមនុស្សល្ងីល្ងើដើរនៅក្នុងភាពងងឹត។ ប៉ុន្តែ ខ្ញុំយល់ថា ចុងបញ្ចប់របស់អ្នកទាំងពីរមិនខុសគ្នាទេ។
15. ខ្ញុំនឹកក្នុងចិត្តថា: ចុងបញ្ចប់របស់ខ្ញុំក៏ដូចជាចុងបញ្ចប់របស់មនុស្សលេលាដែរ។ ដូច្នេះ បើខ្ញុំមានប្រាជ្ញាច្រើន តើបានប្រយោជន៍អ្វី? ខ្ញុំនឹកក្នុងចិត្តថា ត្រង់នេះក៏ឥតបានការដែរ
16. អ្នកប្រាជ្ញមិនខុសប្លែកពីមនុស្សលេលាទេ ដ្បិតគ្មាននរណានឹកនាដល់គេ រហូតអស់កល្បជានិច្ចឡើយ។ ពេលវេលាចេះតែកន្លងផុតទៅ ហើយមនុស្សក៏ភ្លេចអ្វីៗទាំងអស់ដែរ។ អ្នកប្រាជ្ញនឹងស្លាប់ដូចមនុស្សលេលា។
17. ហេតុនេះហើយបានជាខ្ញុំមិនចូលចិត្តជីវិតទេ ហើយខ្ញុំយល់ឃើញថា អ្វីៗដែលមនុស្សធ្វើនៅលើផែនដីសុទ្ធតែអាក្រក់ ព្រោះអ្វីៗទាំងអស់សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។
18. ខ្ញុំមិនចូលចិត្តការនឿយហត់ទាំងប៉ុន្មាន ដែលខ្ញុំខំធ្វើនៅលើផែនដីឡើយ ដ្បិតខ្ញុំត្រូវទុកទាំងអស់សម្រាប់ស្ដេច ដែលគ្រងរាជ្យបន្តពីខ្ញុំ។
19. មួយវិញទៀត គ្មាននរណាដឹងថា ស្ដេចថ្មីនោះជាមនុស្សមានប្រាជ្ញា ឬមនុស្សលេលាទេ។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ស្ដេចនោះនឹងគ្រប់គ្រងលើស្នាដៃទាំងប៉ុន្មានដែលខ្ញុំខំប្រឹងប្រែងធ្វើ ដោយប្រាជ្ញារបស់ខ្ញុំ នៅលើផែនដី។ ត្រង់នេះក៏ឥតបានការដែរ។
20. គិតដូច្នេះ ខ្ញុំក៏បាក់ទឹកចិត្តចំពោះការខំប្រឹងប្រែងទាំងប៉ុន្មាន ដែលខ្ញុំធ្វើនៅលើផែនដីនេះ។
21. មនុស្សម្នាក់ខំប្រឹងធ្វើការយ៉ាងនឿយហត់ ដោយប្រើប្រាជ្ញា ចំណេះ និងការស្ទាត់ជំនាញតែបែរជាទុកអ្វីៗដែលខ្លួនធ្វើឲ្យមនុស្សម្នាក់ទៀត ដែលពុំបានខំប្រឹងប្រែងទាល់តែសោះ។ ត្រង់នេះក៏ឥតបានការ ហើយជាការមួយដ៏អាក្រក់បំផុត។
22. អ្នកដែលខំប្រឹងប្រែង ខ្វល់ខ្វាយធ្វើការនៅលើផែនដី ដើម្បីសម្រេចតាមគោលបំណងរបស់ខ្លួនបែបនេះ តើបានប្រយោជន៍អ្វី?
23. ដ្បិតរៀងរាល់ថ្ងៃ មានតែទុក្ខកង្វល់ និងទុក្ខព្រួយ សូម្បីតែពេលយប់ ចិត្តរបស់គេក៏មិនស្ងប់។ ត្រង់នេះក៏ឥតបានការដែរ។
24. ដូច្នេះ សម្រាប់មនុស្ស គ្មានអ្វីប្រសើរជាងការស៊ីផឹក ព្រមទាំងគិតតែពីសប្បាយនឹងកិច្ចការដែលខ្លួនខំប្រឹងធ្វើនោះឡើយ។ ប៉ុន្តែ ត្រង់នេះទៀត ខ្ញុំឃើញថា ព្រះជាម្ចាស់ទេតើដែលប្រទានឲ្យ។
25. ប្រសិនបើព្រះជាម្ចាស់មិនប្រោសប្រទានទេនោះ គ្មាននរណាម្នាក់អាចបរិភោគ ឬសប្បាយចិត្តបានឡើយ
26. ដ្បិតព្រះជាម្ចាស់ប្រទានប្រាជ្ញា ការចេះដឹង និងអំណរ ដល់អ្នកដែលគាប់ព្រះហឫទ័យព្រះអង្គ។ រីឯមនុស្សបាបវិញ ព្រះអង្គប្រទានឲ្យគេខ្វល់ខ្វាយ គិតតែពីប្រមូលទ្រព្យសម្បត្តិ ប្រគល់ឲ្យអស់អ្នកដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ត្រង់នេះក៏នៅតែឥតបានការ ដូចដេញចាប់ខ្យល់។