សាស្ដា 2:14-20 Khmer Standard Version (KHSV)

14. មនុស្ស​មាន​ប្រាជ្ញា​ដឹង​ថា ខ្លួន​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​ណា រីឯ​មនុស្ស​ល្ងី‌ល្ងើ​ដើរ​នៅ​ក្នុង​ភាព​ងងឹត។ ប៉ុន្តែ ខ្ញុំ​យល់​ថា ចុង​បញ្ចប់​របស់​អ្នក​ទាំង​ពីរ​មិន​ខុស​គ្នា​ទេ។

15. ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា: ចុង​បញ្ចប់​របស់​ខ្ញុំ​ក៏​ដូច​ជា​ចុង​បញ្ចប់​របស់​មនុស្ស​លេលា​ដែរ។ ដូច្នេះ បើ​ខ្ញុំ​មាន​ប្រាជ្ញា​ច្រើន តើ​បាន​ប្រយោជន៍​អ្វី? ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ

16. អ្នក​ប្រាជ្ញ​មិន​ខុស​ប្លែក​ពី​មនុស្ស​លេលា​ទេ ដ្បិត​គ្មាន​នរណា​នឹក​នា​ដល់​គេ រហូត​អស់‌កល្ប​ជា‌និច្ច​ឡើយ។ ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ ហើយ​មនុស្ស​ក៏​ភ្លេច​អ្វីៗ​ទាំង​អស់​ដែរ។ អ្នក​ប្រាជ្ញ​នឹង​ស្លាប់​ដូច​មនុស្ស​លេលា។

17. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចូល​ចិត្ត​ជីវិត​ទេ ហើយ​ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែនដី​សុទ្ធ​តែ​អាក្រក់ ព្រោះ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។

18. ខ្ញុំ​មិន​ចូល​ចិត្ត​ការ​នឿយ‌ហត់​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ខំ​ធ្វើ​នៅ​លើ​ផែនដី​ឡើយ ដ្បិត​ខ្ញុំ​ត្រូវ​ទុក​ទាំង​អស់​សម្រាប់​ស្ដេច ដែល​គ្រង​រាជ្យ​បន្ត​ពី​ខ្ញុំ។

19. មួយ​វិញ​ទៀត គ្មាន​នរណា​ដឹង​ថា ស្ដេច​ថ្មី​នោះ​ជា​មនុស្ស​មាន​ប្រាជ្ញា ឬ​មនុស្ស​លេលា​ទេ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី ស្ដេច​នោះ​នឹង​គ្រប់‌គ្រង​លើ​ស្នា‌ដៃ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ខំ​ប្រឹង‌ប្រែង​ធ្វើ ដោយ​ប្រាជ្ញា​របស់​ខ្ញុំ នៅ​លើ​ផែនដី។ ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ។

20. គិត​ដូច្នេះ ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត​ចំពោះ​ការ​ខំ​ប្រឹង‌ប្រែង​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ធ្វើ​នៅ​លើ​ផែនដី​នេះ។

សាស្ដា 2