11. ប្រសិនបើគ្រូអាលម្ពាយបណ្ដោយឲ្យពស់ចឹក តើការសូត្ររបៀនដាក់ពស់នោះមានប្រយោជន៍អ្វី?
12. ពាក្យសម្ដីរបស់អ្នកប្រាជ្ញរមែងធ្វើឲ្យអ្នកដទៃពេញចិត្ត តែពាក្យសម្ដីរបស់មនុស្សល្ងីល្ងើរមែងបណ្ដាលឲ្យខ្លួនវិនាស។
13. មុនដំបូងពាក្យសម្ដីរបស់គេគ្រាន់តែល្ងីល្ងើប៉ុណ្ណោះ លុះដល់ទីបំផុត ក៏ក្លាយទៅជាការលេលាដ៏អាស្រូវ។
14. មនុស្សល្ងីល្ងើរមែងនិយាយមិនចេះចប់មិនចេះហើយ។ មនុស្សមិនអាចស្គាល់ពីអ្វីៗដែលនឹងកើតមានទេ ហើយក៏គ្មាននរណាប្រាប់ឲ្យគេដឹងអំពីហេតុការណ៍ដែលកើតមានក្រោយពេលគេស្លាប់ដែរ។
15. កិច្ចការរបស់មនុស្សល្ងីល្ងើបណ្ដាលឲ្យខ្លួនហត់នឿយ សូម្បីតែផ្លូវចូលទៅកាន់ទីក្រុង ក៏គេរកមិនឃើញដែរ។
16. ស្រុកណាមានកូនក្មេងសោយរាជ្យ ហើយមានពួកមន្ត្រីគិតតែពីស៊ីផឹកតាំងពីព្រលឹម ស្រុកនោះមុខជាវេទនាពុំខាន!
17. រីឯស្រុកដែលមានអ្នកត្រកូលខ្ពស់សោយរាជ្យ ហើយមានមន្ត្រីបរិភោគតាមពេលកំណត់ គឺបរិភោគឲ្យមានកម្លាំង មិនមែនឲ្យស្រវឹងទេនោះ ស្រុកនោះពិតជាមានសុភមង្គលពុំខាន។
18. មនុស្សខ្ជិលច្រអូសមុខជាត្រូវដំបូលផ្ទះបាក់សង្កត់លើ ហើយមនុស្សខ្ជីខ្ជាក៏ត្រូវភ្លៀងលិចផ្ទះដែរ។
19. គេតែងតែបរិភោគ ដើម្បីលំហែកាយ រីឯស្រារមែងធ្វើឲ្យជីវិតបានសប្បាយ ហើយប្រាក់ធ្វើឲ្យបំណងទាំងអស់បានសម្រេច។
20. កុំដាក់បណ្ដាសាស្ដេចឲ្យសោះ សូម្បីតែក្នុងចិត្តក៏កុំដាក់បណ្ដាសាដែរ។ កុំដាក់បណ្ដាសាអ្នកមានឲ្យសោះ សូម្បីតែក្នុងបន្ទប់ដេកក៏កុំដាក់បណ្ដាសាដែរ ដ្បិតបក្សាបក្សីដែលហើរនៅលើមេឃ នឹងនាំយកពាក្យសម្ដីរបស់អ្នកទៅថ្លែងប្រាប់គេជាមិនខាន។