1. រុយងាប់ធ្វើឲ្យខូចប្រេងក្រអូបរបស់អ្នកធ្វើទឹកអប់យ៉ាងណា អំពើលេលាតែបន្តិចក៏អាចបង្ខូចប្រាជ្ញា និងកិត្តិយសយ៉ាងនោះដែរ។
2. ចិត្តរបស់មនុស្សមានប្រាជ្ញាលំអៀងទៅរកអ្វីៗដែលត្រឹមត្រូវ រីឯចិត្តរបស់មនុស្សល្ងីល្ងើវិញ លំអៀងទៅរកអ្វីៗដែលខុសឆ្គង។
3. ពេលមនុស្សល្ងីល្ងើដើរតាមផ្លូវ ការវង្វេងស្មារតីរបស់គាត់ បង្ហាញឲ្យមនុស្សម្នាទាំងអស់ឃើញថា គាត់ពិតជាល្ងីល្ងើមែន។
4. ប្រសិនបើចៅហ្វាយនាយរបស់អ្នកខឹងនឹងអ្នក កុំបោះបង់ចោលមុខងាររបស់អ្នកឡើយ ដ្បិតការចេះទប់ចិត្តអាចចៀសវាងកំហុសដ៏ធ្ងន់។
5. ខ្ញុំឃើញការអាក្រក់មួយទៀតនៅលើផែនដី គឺមេដឹកនាំក៏អាចភ្លាត់ដែរ។
6. ជួនកាលមនុស្សល្ងីល្ងើទទួលតំណែងដ៏ខ្ពង់ខ្ពស់ ហើយអ្នកមានទទួលតំណែងតូចតាច។
7. ខ្ញុំធ្លាប់ឃើញទាសករជិះសេះ តែមន្ត្រីខ្ពង់ខ្ពស់បែរជាដើរជើងទទេ ដូចទាសករទៅវិញ។
8. អ្នកជីករណ្ដៅរមែងធ្លាក់ទៅក្នុងរណ្ដៅនោះ រីឯអ្នកដែលទំលុះជញ្ជាំង រមែងត្រូវពស់ចឹក។
9. អ្នកគាស់ថ្មរមែងត្រូវរបួស ហើយអ្នកពុសអុសក៏ប្រឈមមុខនឹងគ្រោះថ្នាក់ដែរ។
10. ប្រសិនបើមិនសំលៀងពូថៅដែលមានមុខរឹលទេ នោះត្រូវប្រើកម្លាំងជាច្រើន។ រីឯប្រាជ្ញាវិញតែងតែនាំឲ្យសម្រេចជោគជ័យ។
11. ប្រសិនបើគ្រូអាលម្ពាយបណ្ដោយឲ្យពស់ចឹក តើការសូត្ររបៀនដាក់ពស់នោះមានប្រយោជន៍អ្វី?
12. ពាក្យសម្ដីរបស់អ្នកប្រាជ្ញរមែងធ្វើឲ្យអ្នកដទៃពេញចិត្ត តែពាក្យសម្ដីរបស់មនុស្សល្ងីល្ងើរមែងបណ្ដាលឲ្យខ្លួនវិនាស។
13. មុនដំបូងពាក្យសម្ដីរបស់គេគ្រាន់តែល្ងីល្ងើប៉ុណ្ណោះ លុះដល់ទីបំផុត ក៏ក្លាយទៅជាការលេលាដ៏អាស្រូវ។