1. នេះជាពាក្យរបស់សាស្ដា ជាបុត្ររបស់ព្រះបាទដាវីឌ និងជាព្រះមហាក្សត្រនៅក្រុងយេរូសាឡឹម។
2. សាស្ដាបានថ្លែងថា: អ្វីៗទាំងអស់សុទ្ធតែឥតន័យ ឥតខ្លឹមសារ និងឥតបានការ។
3. មនុស្សខំប្រឹងធ្វើការយ៉ាងនឿយហត់នៅលើផែនដី តើបានប្រយោជន៍អ្វី?
4. មនុស្សមួយជំនាន់ចាកចេញពីលោកនេះទៅ មនុស្សមួយជំនាន់ទៀតចូលមក ហើយផែនដីនៅស្ថិតស្ថេរដដែល។
5. ព្រះអាទិត្យរះឡើង រួចលិចទៅវិញ ហើយប្រញាប់វិលត្រឡប់ទៅកន្លែងដែលត្រូវរះសាជាថ្មី។
6. ខ្យល់បក់ទៅទិសខាងត្បូង ទៅទិសខាងជើង វិលទៅវិលមក បក់តាមទិសរបស់ខ្លួនវិញ។
7. ទន្លេទាំងប៉ុន្មានហូរចាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏វិលទៅហូរតាមផ្លូវរបស់វាវិញដែរ។
8. អ្វីៗទាំងអស់សុទ្ធតែច្រំដែលៗ រហូតដល់មនុស្សរកពាក្យមកថ្លែងពុំបាន។ ភ្នែកសម្លឹងមើល តែមិនចេះស្កប់ ត្រចៀកត្រងត្រាប់ស្ដាប់ តែមិនចេះធុញទ្រាន់។
9. ហេតុការណ៍ដែលធ្លាប់មានកាលពីមុន ក៏នឹងមាននៅពេលខាងមុខ ការអ្វីៗដែលគេធ្វើពីមុន គេនឹងធ្វើនៅពេលខាងមុខដែរ គឺនៅលើផែនដី គ្មានការអ្វីថ្មីសោះឡើយ។
10. ប្រសិនបើគេពោលអំពីហេតុការណ៍អ្វីមួយថា «នេះជាហេតុការណ៍ថ្មី» តោងដឹងថាហេតុការណ៍នោះធ្លាប់កើតមាន តាំងពីបុរាណកាលរួចស្រេចទៅហើយ។
11. គ្មាននរណានឹកចាំពីអតីតកាលទេ ហើយហេតុការណ៍ដែលនឹងកើតឡើងនៅអនាគត ក៏មនុស្សជំនាន់ក្រោយមិននឹកចាំដែរ។
12. ខ្ញុំសាស្ដា ខ្ញុំគ្រងរាជ្យលើស្រុកអ៊ីស្រាអែលនៅក្រុងយេរូសាឡឹម។
13. ខ្ញុំខិតខំស្វែងរក និងយកប្រាជ្ញាមករិះគិតពិចារណាអំពីអ្វីៗទាំងប៉ុន្មាន ដែលកើតមាននៅក្រោមមេឃនេះ។ ព្រះជាម្ចាស់តម្រូវឲ្យមនុស្សលោកខ្វល់ខ្វាយធ្វើការយ៉ាងនឿយហត់បំផុត។
14. ខ្ញុំបានឃើញថាស្នាដៃទាំងប៉ុន្មាន ដែលមនុស្សធ្វើនៅលើផែនដី សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។
15. អ្វីៗដែលកោង ពុំអាចបត់ឲ្យត្រង់វិញបានឡើយ ហើយអ្វីៗដែលខ្វះក៏ពុំអាចរាប់បានដែរ។