5. ទេវតាតបមកវិញថា៖ «រទេះសេះទាំងបួនជាខ្យល់ពីទិសទាំងបួន បក់ចេញមកពីកន្លែងដែលព្រះអម្ចាស់នៃផែនដីទាំងមូលគង់នៅ»។
6. សេះសម្បុរខ្មៅអូសរទេះចេញទៅកាន់ស្រុកខាងជើង សេះសម្បុរសចេញមកតាមក្រោយ។ សេះសម្បុរពព្លាក់ចេញទៅស្រុកខាងត្បូង។
7. សេះសម្បុរត្នោតចេញមក ហើយសុំធ្វើដំណើរឆ្លងកាត់ផែនដី។ ព្រះអម្ចាស់ប្រាប់ថា: ចូរធ្វើដំណើរឆ្លងកាត់ផែនដីចុះ! រទេះសេះនោះក៏ធ្វើដំណើរឆ្លងកាត់ផែនដី។
8. ព្រះអង្គហៅខ្ញុំប្រាប់ថា៖ «មើល! រទេះសេះដែលធ្វើដំណើរទៅស្រុកខាងជើង នឹងនាំវិញ្ញាណរបស់យើងឲ្យទៅសណ្ឋិតនៅស្រុកនោះ»។
9. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
10. «ថ្ងៃនេះ ចូរទៅផ្ទះរបស់យ៉ូសៀសជាកូនរបស់សេផានា ទទួលយកតង្វាយរបស់ប្រជាជនដែលជាប់ជាឈ្លើយ ពីដៃរបស់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ដែលមកពីស្រុកបាប៊ីឡូន។