សាការី 1:8-19 Khmer Standard Version (KHSV)

8. នៅ​ពេល​យប់ ខ្ញុំ​បាន​និមិត្ត​ឃើញ​បុរស​ម្នាក់​ជិះ​សេះ​មួយ​សម្បុរ​ក្រហម ឈប់​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ក្នុង​ជ្រលង​ភ្នំ​មួយ​ដ៏​ជ្រៅ។ នៅ​ពី​ក្រោយ​លោក មាន​សេះ​ឯ​ទៀតៗ​សម្បុរ​ក្រហម ត្នោត និង​ស ដែល​មាន​អ្នក​ជិះ​ពី​លើ។

9. ខ្ញុំ​ក៏​សួរ​ថា៖ «លោក​ម្ចាស់ អ្នក​ទាំង​នោះ​ជា​នរណា?»។ ទេវតា*​ដែល​និយាយ​ជា​មួយ​ខ្ញុំ ពោល​ថា៖ «ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​លោក​ដឹង​ថា អ្នក​ទាំង​នោះ​ជា​នរណា»។

10. បុរស​ដែល​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ ពោល​ថា៖ «ពួក​គេ​ជា​អ្នក​ដែល​ព្រះ‌អម្ចាស់​បាន​ចាត់​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី»។

11. អ្នក​ទាំង​នោះ​ពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌អម្ចាស់ ដែល​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ថា៖ «យើង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី ឃើញ​មនុស្ស‌ម្នា​ទាំង​អស់​រស់​នៅ​យ៉ាង​សុខ‌សាន្ត ឥត​មាន​កង្វល់»។

12. ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ឡើង​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល តើ​ដល់​ពេល​ណា​ទើប​ព្រះ‌អង្គ​អាណិត​មេត្តា​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​ឯ​ទៀតៗ​ក្នុង​ស្រុក​យូដា? ព្រះ‌អង្គ​ខ្ញាល់​នឹង​ក្រុង​ទាំង​នេះ​អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ​ហើយ»។

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​លើក​ទឹក​ចិត្ត និង​សម្រាល​ទុក្ខ​ទេវតា*​ដែល​និយាយ​ជា​មួយ​ខ្ញុំ។

14. ពេល​នោះ ទេវតា​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ពោល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា យើង​ស្រឡាញ់​ក្រុង​យេរូ‌សាឡឹម និង​ភ្នំ​ស៊ីយ៉ូន​ពន់​ពេក​ណាស់

15. តែ​យើង​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ប្រជា‌ជាតិ​នានា ដែល​អាង​លើ​កម្លាំង​ខ្លួន​ឯង។ ពេល​យើង​ក្រេវ‌ក្រោធ​នឹង​អ៊ីស្រា‌អែល​តែ​បន្តិច ប្រជា‌ជាតិ​ទាំង​នោះ​បែរ​ជា​នាំ​គ្នា​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​សែន​វេទនា»។

16. ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ ដោយ​ចិត្ត​អាណិត‌អាសូរ។ ដំណាក់​របស់​យើង​នឹង​ត្រូវ​សង់​ឡើង​វិញ ហើយ​គេ​នឹង​យក​ខ្សែ​រង្វាស់​មក​វាស់​ក្រុង​យេរូ‌សាឡឹម ដើម្បី​ជួស‌ជុល​ឡើង​វិញ​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

17. ចូរ​ប្រកាស​ទៀត​ថា «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ​នេះ: ក្រុង​នានា​របស់​យើង​នឹង​មាន​ភោគ​ទ្រព្យ​ហូរ‌ហៀរ​ឡើង​វិញ។ យើង​នឹង​សម្រាល​ទុក្ខ​ក្រុង​ស៊ីយ៉ូន​សា​ជា​ថ្មី ហើយ​យើង​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម​ដូច​ពី​មុន»។

18. ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​និមិត្ត​ឃើញ​ស្នែង​បួន។

19. ខ្ញុំ​ក៏​សួរ​ទេវតា​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ថា៖ «តើ​ស្នែង​ទាំង​បួន​នោះ​ជា​តំណាង​អ្វី?»។ ទេវតា​តប​មក​ខ្ញុំ​ថា៖ «ស្នែង​ទាំង​នោះ​ជា​តំណាង​ប្រជា‌ជាតិ​ដែល​បាន​កំចាត់‌កំចាយ​អ្នក​ស្រុក​យូដា អ្នក​ស្រុក​អ៊ីស្រា‌អែល និង​អ្នក​ក្រុង​យេរូ‌សាឡឹម»។

សាការី 1