វិវរណៈ 9:13-17 Khmer Standard Version (KHSV)

13. ទេវតា​ទី​ប្រាំ​មួយ​ផ្លុំ​ត្រែ​ឡើង ខ្ញុំ​ក៏​បាន​ឮ​សំឡេង​មួយ​ចេញ​ពី​ស្នែង​នៅ​ជ្រុង​ទាំង​បួន​របស់​អាសនៈ​មាស ដែល​ស្ថិត​នៅ​ខាង​មុខ​ព្រះ‌ជា‌ម្ចាស់។

14. សំឡេង​នោះ ពោល​មក​កាន់​ទេវតា​ទី​ប្រាំ​មួយ ដែល​មាន​ត្រែ​នៅ​ដៃ​ថា៖ «ចូរ​ស្រាយ​ទេវតា​ទាំង​បួន​រូប ដែល​ជាប់​ចំណង​នៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត​នោះ​ទៅ!»។

15. គេ​ក៏​ស្រាយ​ទេវតា​ទាំង​បួន​រូប ដែល​បាន​ប្រុង​ប្រៀប​ខ្លួន​ប្រហារ​ជីវិត​មនុស្ស​មួយ​ភាគ​បី ត្រូវ​តាម​ម៉ោង​ថ្ងៃ ខែ និង​ឆ្នាំ។

16. ខ្ញុំ​បាន​ឮ​ថា ចំនួន​ទាហាន​ទ័ព​សេះ​នោះ​មាន​ទាំង​អស់​ពីរ​រយ​លាន​នាក់។

17. ក្នុង​និមិត្ត​ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នោះ មាន​សេះ និង​ពល​ទាហាន​ដែល​ជិះ​ពី​លើ​វា ពាក់​អាវ‌ក្រោះ​ពណ៌​ក្រហម​ដូច​ភ្លើង ពណ៌​បៃតង​ខ្ចី និង​ពណ៌​លឿង​ដូច​ស្ពាន់ធ័រ។ រីឯ​ក្បាល​សេះ​វិញ មាន​រាង​ដូច​ជា​ក្បាល​សិង្ហ ហើយ​មាន​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ​ចេញ​ពី​មាត់​វា​មក​ផង។

វិវរណៈ 9