1. ពេលកូនចៀមបកត្រាទីប្រាំពីរ ស្រាប់តែមេឃស្ងប់អស់រយៈពេលប្រមាណជាកន្លះម៉ោង
2. ខ្ញុំក៏បានឃើញទេវតា*ប្រាំពីររូបដែលឈរនៅខាងមុខព្រះជាម្ចាស់ ទទួលត្រែប្រាំពីរ។
3. មានទេវតា*មួយរូបទៀតមកឈរនៅជិតអាសនៈ* ទាំងកាន់ពានមាសមួយផង។ ទេវតានោះបានទទួលគ្រឿងក្រអូបជាច្រើនយកទៅថ្វាយ ជាមួយពាក្យអធិស្ឋានរបស់ប្រជាជនដ៏វិសុទ្ធទាំងអស់ នៅលើអាសនៈមាសដែលស្ថិតនៅខាងមុខបល្ល័ង្ក។
4. ផ្សែងគ្រឿងក្រអូបនោះក៏ហុយចេញពីដៃទេវតា ឡើងទៅលើជាមួយពាក្យអធិស្ឋានរបស់ប្រជាជនដ៏វិសុទ្ធនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។
5. ទេវតាបានយកពាន ហើយយកភ្លើងពីអាសនៈ មកដាក់ពេញពាននោះ រួចចាក់ទៅលើផែនដី ស្រាប់តែមានផ្គរលាន់ មានសំឡេង មានផ្លេកបន្ទោរ ព្រមទាំងមានរញ្ជួយផែនដីផង។
6. ទេវតាទាំងប្រាំពីរ ដែលកាន់ត្រែទាំងប្រាំពីរនោះ ប្រុងប្រៀបផ្លុំ។
7. ទេវតាទីមួយផ្លុំត្រែឡើង ស្រាប់តែមានព្រឹល និងភ្លើង លាយជាមួយឈាម ធ្លាក់មកលើផែនដី ផែនដីក៏ឆេះអស់មួយភាគបី ដើមឈើក៏ឆេះអស់មួយភាគបី ហើយស្មៅខៀវខ្ចីទាំងប៉ុន្មានក៏ឆេះអស់ដែរ។
8. ទេវតាទីពីរផ្លុំត្រែឡើង ស្រាប់តែមានដូចជាភ្នំមួយយ៉ាងធំដែលកំពុងតែឆេះ ធ្លាក់ទៅក្នុងសមុទ្រ ទឹកសមុទ្រមួយភាគបីក៏ក្លាយទៅជាឈាម
9. សត្វទាំងឡាយដែលមានជីវិតរស់នៅក្នុងសមុទ្រ ត្រូវស្លាប់អស់មួយភាគបី ហើយនាវាក៏ត្រូវវិនាសបង់អស់មួយភាគបីដែរ។
10. ទេវតាទីបីផ្លុំត្រែឡើង ស្រាប់តែមានផ្កាយមួយយ៉ាងធំ ដែលកំពុងតែឆេះដូចចន្លុះ ធ្លាក់ពីលើមេឃមក។ ផ្កាយនោះធ្លាក់មកក្នុងទន្លេទាំងឡាយអស់មួយភាគបី ហើយក៏ធ្លាក់មកលើប្រភពទឹកនានាដែរ។