1. ខ្ញុំមើលទៅឃើញកូនចៀមបកត្រាទីមួយ ក្នុងចំណោមត្រាទាំងប្រាំពីរនោះ ហើយខ្ញុំឮសត្វមានជីវិតមួយរូប ក្នុងបណ្ដាសត្វមានជីវិតទាំងបួន បន្លឺសំឡេងឡើងដូចផ្គរលាន់ថា: «សូមអញ្ជើញមក!»។
2. ខ្ញុំមើលទៅឃើញសេះសមួយ អ្នកជិះសេះនោះកាន់ធ្នូ។ គាត់បានទទួលមកុដមួយ ហើយចាកចេញទៅមានរាងដូចជាអ្នកឈ្នះ ដើម្បីវាយយកជ័យជំនះ។
3. ពេលកូនចៀមបកត្រាទីពីរ ខ្ញុំឮសូរសត្វមានជីវិតទីពីរពោលថា: «សូមអញ្ជើញមក!»។
4. ស្រាប់តែសេះមួយទៀតចេញមក សម្បុរក្រហមដូចភ្លើង។ អ្នកជិះសេះនោះបានទទួលអំណាចដកសន្តិភាពចេញពីផែនដី ដើម្បីឲ្យមនុស្សលោកប្រហារជីវិតគ្នាទៅវិញទៅមក។ គាត់បានទទួលដាវមួយយ៉ាងធំ។
5. ពេលកូនចៀមបកត្រាទីបី ខ្ញុំឮសូរសត្វមានជីវិតទីបីពោលថា: «សូមអញ្ជើញមក!»។ ខ្ញុំមើលទៅឃើញសេះខ្មៅមួយ។ អ្នកជិះសេះនោះកាន់ជញ្ជីងមួយនៅដៃ
6. ហើយខ្ញុំបានឮដូចជាមានសំឡេងមួយ ចេញពីក្នុងចំណោមសត្វមានជីវិតទាំងបួនថា: «អង្ករមួយគីឡូ ថ្លៃមួយដួង* ពោតបីគីឡូក៏ថ្លៃមួយដួងដែរ រីឯប្រេង និងស្រាទំពាំងបាយជូរវិញ កុំប៉ះពាល់ឲ្យសោះ»។
7. ពេលកូនចៀមបកត្រាទីបួន ខ្ញុំឮសូរសំឡេងសត្វមានជីវិតទីបួនពោលថា: «សូមអញ្ជើញមក!»។
8. ខ្ញុំមើលទៅឃើញសេះមួយសម្បុរត្រួយចេក អ្នកជិះសេះនោះ ឈ្មោះមច្ចុរាជ ហើយស្ថានមច្ចុរាជក៏មកជាមួយគាត់ដែរ។ មច្ចុរាជ និងស្ថានមច្ចុរាជ បានទទួលអំណាចលើមួយភាគបួននៃផែនដី ហើយយកដាវ ទុរ្ភិក្ស ជំងឺអាសន្នរោគ និងសត្វសាហាវនៅលើផែនដី ឲ្យមកប្រល័យជីវិតមនុស្សលោក។
9. ពេលកូនចៀមបកត្រាទីប្រាំនៅក្រោមអាសនៈ ខ្ញុំឃើញវិញ្ញាណក្ខ័ន្ធអស់អ្នកដែលគេបានប្រហារជីវិត ព្រោះតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងព្រោះតែអ្នកទាំងនោះបានផ្ដល់សក្ខីភាព។
10. អ្នកទាំងនោះស្រែកអង្វរយ៉ាងខ្លាំងៗថា: «ឱព្រះដ៏ជាចៅហ្វាយ ព្រះដ៏វិសុទ្ធ* និងស្មោះត្រង់អើយ! តើពេលណាព្រះអង្គរកយុត្តិធម៌ និងសងសឹកពួកនៅលើផែនដី ដែលបានបង្ហូរឈាមយើងខ្ញុំ?»។
11. អ្នកទាំងនោះបានទទួលអាវសវែងម្នាក់មួយៗ ហើយឮសំឡេងប្រាប់ថា ឲ្យនៅរង់ចាំមួយភ្លែតទៀតសិន ទំរាំដល់មិត្តរួមការងារ និងបងប្អូនរួមជំនឿឯទៀតៗត្រូវគេសម្លាប់ដូចគ្នា គ្រប់ចំនួន។