10. ព្រះអង្គបានធ្វើឲ្យគេទៅជារាជាណាចក្រនិងជាក្រុមបូជាចារ្យ*បម្រើព្រះជាម្ចាស់របស់យើងហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី”។
11. ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសំឡេងទេវតា*យ៉ាងច្រើននៅជុំវិញបល្ល័ង្ក ជុំវិញសត្វមានជីវិត និងជុំវិញពួកព្រឹទ្ធាចារ្យ។ ទេវតាទាំងនោះមានចំនួនរាប់ម៉ឺនរាប់សែន ច្រើនអនេកអនន្ត
12. នាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា: «កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង»។
13. ពេលនោះ ខ្ញុំឮសត្វលោកទាំងប៉ុន្មាននៅស្ថានសួគ៌ នៅលើផែនដី នៅក្រោមដី នៅក្នុងសមុទ្រ ព្រមទាំងអ្វីៗទាំងអស់ដែលនៅស្ថានទាំងនោះ បន្លឺសំឡេងឡើងថា: «សូមព្រះអង្គដែលគង់លើបល្ល័ង្ក និងកូនចៀម ទទួលពាក្យសរសើរតម្កើង ព្រះកិត្តិនាម សិរីរុងរឿង និងព្រះចេស្ដា អស់កល្បជាអង្វែងតរៀងទៅ!»។