1. «ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំនៅក្រុងសើដេស ដូចតទៅនេះ៖ព្រះអង្គដែលមានព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ និងមានផ្កាយទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលថា: “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្តនោះហើយ អ្នកមានឈ្មោះល្បីថារស់ តែតាមពិត អ្នកស្លាប់ទេតើ!។
2. ចូរភ្ញាក់ស្មារតី! ចូរពង្រឹងអ្វីៗដែលនៅសល់ ហើយហៀបនឹងស្លាប់នោះឲ្យមាំមួនឡើង ដ្បិតយើងឃើញថា អំពើដែលអ្នកបានប្រព្រឹត្តមិនគ្រប់លក្ខណៈនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់របស់យើងទេ។
3. ដូច្នេះ ចូរនឹកគិតអំពីរបៀបដែលអ្នកបានទទួល និងបានឮព្រះបន្ទូល ហើយប្រតិបត្តិតាម រួចកែប្រែចិត្តគំនិតទៅ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចចោរចូលលួច គឺអ្នកពុំដឹងថា យើងនឹងមកដល់ថ្មើរណាឡើយ។
4. ក៏ប៉ុន្តែ នៅក្រុងសើដេសនេះ មានអ្នកខ្លះក្នុងចំណោមអ្នកពុំបានធ្វើឲ្យសម្លៀកបំពាក់ខ្លួនប្រឡាក់ទេ គឺគេនឹងដើរជាមួយយើង ដោយមានសម្លៀកបំពាក់ពណ៌ស ព្រោះគេសមនឹងស្លៀកពាក់បែបនេះ។
5. ហេតុនេះ អ្នកណាមានជ័យជំនះ អ្នកនោះនឹងមានសម្លៀកបំពាក់ពណ៌ស យើងនឹងមិនលុបឈ្មោះគេចេញពីក្រាំងជីវិតឡើយ ហើយយើងនឹងទទួលស្គាល់ឈ្មោះអ្នកនោះ នៅចំពោះព្រះភ័ក្ត្រព្រះបិតារបស់យើង និងនៅចំពោះមុខពួកទេវតារបស់ព្រះអង្គ។
6. ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!”»។
7. «ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំ*នៅក្រុងភីឡាដិលភា ដូចតទៅនេះ៖ព្រះដ៏វិសុទ្ធ ព្រះដ៏ពិតប្រាកដព្រះអង្គដែលកាន់កូនសោរបស់ស្ដេចដាវីឌ បើព្រះអង្គបើក គ្មាននរណាបិទបាន បើព្រះអង្គបិទ គ្មាននរណាបើកបាន ទ្រង់មានព្រះបន្ទូលថា:
8. “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្តនោះហើយ មើល៍! យើងបានបើកទ្វារចំហនៅមុខអ្នកហើយ គ្មាននរណាអាចបិទបានទេ។ អ្នកមានអំណាចតិចមែន តែអ្នកបានប្រតិបត្តិតាមពាក្យយើង ហើយមិនបានបដិសេធថា មិនស្គាល់ឈ្មោះយើងផង។
9. យើងនឹងប្រគល់អ្នកខ្លះពីសាលាប្រជុំរបស់មារ*សាតាំងមកឲ្យអ្នក។ ពួកគេថាខ្លួនជាសាសន៍យូដា តាមពិត គេមិនមែនជាសាសន៍យូដាទេ គឺគេនិយាយកុហក។ យើងនឹងឲ្យអ្នកទាំងនោះមកក្រាបនៅទៀបជើងអ្នក ព្រមទាំងទទួលស្គាល់ថា យើងពិតជាបានស្រឡាញ់អ្នកមែន។
10. ដោយអ្នកបានព្យាយាមប្រតិបត្តិតាមពាក្យយើង យើងក៏រក្សាអ្នកឲ្យរួចផុតពីគ្រាលំបាកដែលនឹងកើតមានក្នុងពិភពលោកទាំងមូល ដើម្បីល្បងលមើលមនុស្សនៅលើផែនដីដែរ។
11. យើងនឹងមកដល់ក្នុងពេលឆាប់ៗ អ្វីៗដែលអ្នកមាន ចូរកាន់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យនរណាដណ្ដើមយកមកុដរបស់អ្នកបាន។
12. អ្នកណាមានជ័យជំនះ យើងតាំងអ្នកនោះឲ្យធ្វើជាសសរមួយ នៅក្នុងព្រះវិហារ*នៃព្រះរបស់យើង ហើយគេនឹងមិនចាកចេញពីព្រះវិហារនេះទៀតឡើយ។ យើងនឹងចារឹកព្រះនាមនៃព្រះរបស់យើង និងឈ្មោះក្រុងនៃព្រះរបស់យើងលើអ្នកនោះ គឺក្រុងយេរូសាឡឹមថ្មីដែលចុះពីស្ថានបរមសុខ ចុះមកពីព្រះរបស់យើង។ យើងក៏នឹងចារឹកនាមថ្មីរបស់យើងលើអ្នកនោះដែរ។
13. ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!”»។
14. «ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំ*នៅក្រុងឡៅឌីសេ ដូចតទៅនេះ៖ព្រះអាម៉ែនជាបន្ទាល់ដ៏ស្មោះត្រង់ និងពិតប្រាកដ ហើយជាដើមកំណើតនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក ទ្រង់មានព្រះបន្ទូលថា: