2. នៅចំកណ្ដាលលានក្រុងនិងនៅមាត់ច្រាំងទាំងសងខាងរបស់ទន្លេនោះ មានដើមឈើដែលផ្ដល់ជីវិត ផ្លែដប់ពីរដងក្នុងមួយឆ្នាំ គឺមានផ្លែរៀងរាល់ខែ។ រីឯស្លឹកឈើនោះជាថ្នាំសម្រាប់ព្យាបាលប្រជាជាតិនានាឲ្យបានជា។
3. ក្នុងក្រុងនោះ អ្វីៗទាំងអស់នឹងលែងត្រូវបណ្ដាសាទៀតហើយ។ បល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀម ស្ថិតនៅក្នុងក្រុងនោះ ហើយពួកអ្នកបម្រើរបស់ព្រះអង្គនាំគ្នាគោរពថ្វាយបង្គំព្រះអង្គ
4. គេនឹងឃើញព្រះភ័ក្ត្រព្រះអង្គ ហើយនៅលើថ្ងាសគេក៏មានដៅព្រះនាមព្រះអង្គដែរ។
5. នៅក្រុងនោះ គ្មានយប់ទៀតទេ គេក៏លែងត្រូវការពន្លឺចង្កៀង ឬពន្លឺព្រះអាទិត្យទៀតដែរ ដ្បិតព្រះជាអម្ចាស់ទ្រង់ជាពន្លឺបំភ្លឺគេ ហើយគេនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
6. ទេវតាពោលមកខ្ញុំថា៖ «ពាក្យទាំងនេះសុទ្ធតែជាពាក្យពិត គួរឲ្យជឿ។ ព្រះជាអម្ចាស់ដែលប្រទានព្រះវិញ្ញាណដល់ពួកព្យាការី* ទ្រង់បានចាត់ទេវតារបស់ព្រះអង្គ ឲ្យមកប្រាប់ពួកអ្នកបម្រើព្រះអង្គដឹងអំពីហេតុការណ៍ ដែលត្រូវកើតមានក្នុងពេលឆាប់ៗខាងមុខ។
7. ព្រះយេស៊ូមានព្រះបន្ទូលថា: “ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ អ្នកណាប្រតិបត្តិតាមសេចក្ដីដែលមានថ្លែងទុកក្នុងសៀវភៅនេះ អ្នកនោះមានសុភមង្គលហើយ!”»។
8. ខ្ញុំ យ៉ូហាន ខ្ញុំបានឮ និងបានឃើញហេតុការណ៍ទាំងនេះ។ ពេលខ្ញុំបានឮ និងបានឃើញដូច្នេះហើយ ខ្ញុំក្រាបចុះនៅទៀបជើងទេវតា ដែលបានបង្ហាញឲ្យខ្ញុំឃើញនោះ បម្រុងនឹងថ្វាយបង្គំលោក
9. ក៏ប៉ុន្តែ ទេវតាពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយលោកទេតើ ហើយខ្ញុំក៏រួមការងារជាមួយពួកព្យាការី ដែលជាបងប្អូនរបស់លោក និងជាមួយអស់អ្នកប្រតិបត្តិតាមសេចក្ដីដែលមានចែងក្នុងសៀវភៅនេះដែរ។ ត្រូវថ្វាយបង្គំព្រះជាម្ចាស់វិញ!»។
10. ទេវតាពោលមកខ្ញុំទៀតថា៖ «សូមកុំលាក់សេចក្ដីដែលមានថ្លែងទុកក្នុងសៀវភៅនេះឲ្យសោះ! ដ្បិតពេលកំណត់ជិតមកដល់ហើយ។
11. អ្នកណាទុច្ចរិត ឲ្យអ្នកនោះប្រព្រឹត្តអំពើទុច្ចរិតតទៅមុខទៀតទៅ! អ្នកណាសៅហ្មង ឲ្យអ្នកនោះបន្តភាពសៅហ្មងតទៅមុខទៀតទៅ! រីឯអ្នកសុចរិតវិញ ត្រូវប្រព្រឹត្តអំពើសុចរិតថែមទៀតចុះ! រីឯអ្នកវិសុទ្ធហើយ ត្រូវរក្សាខ្លួនឲ្យកាន់តែវិសុទ្ធថែមទៀតចុះ!។
12. ព្រះយេស៊ូមានព្រះបន្ទូលថា៖ “ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ ទាំងយករង្វាន់មកចែកឲ្យម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។