9. បន្ទាប់មក ទេវតា*មួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ពេញទៅដោយគ្រោះកាចទាំងប្រាំពីរចុងក្រោយបង្អស់ បានចូលមក ហើយពោលមកកាន់ខ្ញុំថា៖ «សូមអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យលោកឃើញកូនក្រមុំជាភរិយារបស់កូនចៀម»។
10. ទេវតានោះបានលើកវិញ្ញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងដ៏វិសុទ្ធ ជាក្រុងយេរូសាឡឹមដែលចុះពីស្ថានបរមសុខ* គឺចុះមកពីព្រះជាម្ចាស់។
11. ក្រុងនេះប្រកបដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់ ពន្លឺរស្មីរបស់ក្រុងប្រៀបបីដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចត្បូងមណីជោតិរសដែលភ្លឺថ្លាដូចកែវចរណៃ។
12. ក្រុងនេះមានកំពែងមួយយ៉ាងធំខ្ពស់ ព្រមទាំងមានខ្លោងទ្វារដប់ពីរ នៅលើខ្លោងទ្វារមានទេវតាដប់ពីររូប និងមានចារឹកឈ្មោះកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រាអែលដែរ។
13. នៅទិសខាងកើតមានខ្លោងទ្វារបី ទិសខាងជើងមានខ្លោងទ្វារបី ទិសខាងត្បូងមានខ្លោងទ្វារបី និងទិសខាងលិចមានខ្លោងទ្វារបី។
14. កំពែងរបស់ក្រុងមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះទាំងនោះមានចារឹកឈ្មោះសាវ័ក*ទាំងដប់ពីររបស់កូនចៀម។
15. ទេវតាដែលនិយាយមកខ្ញុំនោះ កាន់ត្រែងមាសមួយដើម ធ្វើជារង្វាស់សម្រាប់វាស់ក្រុង ខ្លោងទ្វារក្រុង និងកំពែងក្រុង។
16. ក្រុងនេះមានរាងបួនជ្រុងស្មើ គឺមានទទឹង និងបណ្ដោយស្មើគ្នា។ ទេវតាបានយកដើមត្រែងនោះមកវាស់ក្រុង ឃើញមានប្រវែងដប់ពីរពាន់ស្ដាដ។ បណ្ដោយ ទទឹង និងកំពស់ មានប្រវែងស្មើៗគ្នា។
17. ទេវតាបានវាស់កំពែងដែរ ឃើញមានកំពស់មួយរយសែសិបបួនហត្ថ តាមរង្វាស់មនុស្សលោក ដូចរង្វាស់ទេវតាដែរ។
18. កំពែងក្រុងធ្វើពីត្បូងមណីជោតិរស ហើយទីក្រុងធ្វើពីមាសសុទ្ធ ដែលភ្លឺថ្លាដូចកែវសុទ្ធ។