3. ទេវតាបានបោះវាទៅស្ថាននរកអវិចី ហើយចាក់សោ បិទត្រាលើទ្វារ រហូតដល់គម្រប់មួយពាន់ឆ្នាំ ដើម្បីកុំឲ្យវាល្បួងជាតិសាសន៍នានាឲ្យវង្វេងទៀត។ លុះផុតកំណត់នេះទៅ ត្រូវតែដោះលែងវាមួយរយៈពេលខ្លី។
4. ខ្ញុំឃើញបល្ល័ង្កជាច្រើន ហើយអស់អ្នកដែលអង្គុយនៅលើបល្ល័ង្កទាំងនោះ បានទទួលអំណាចនឹងវិនិច្ឆ័យទោស។ ខ្ញុំក៏ឃើញវិញ្ញាណក្ខ័ន្ធរបស់អស់អ្នកដែលស្លាប់ ដោយគេកាត់ក ព្រោះតែបានផ្ដល់សក្ខីភាពអំពីព្រះយេស៊ូ និងអំពីព្រះបន្ទូលរបស់ព្រះអង្គ។ ខ្ញុំក៏ឃើញវិញ្ញាណក្ខ័ន្ធរបស់អស់អ្នកដែលមិនបានក្រាបថ្វាយបង្គំសត្វតិរច្ឆាន ឬថ្វាយបង្គំរូបចម្លាក់របស់វា ហើយមិនបានទទួលសញ្ញាសម្គាល់លើថ្ងាស និងនៅលើដៃដែរ។ អ្នកទាំងនោះមានជីវិតរស់ឡើងវិញ សោយរាជ្យជាមួយព្រះគ្រិស្ដក្នុងរយៈពេលមួយពាន់ឆ្នាំ។
5. រីឯមនុស្សឯទៀតៗដែលបានស្លាប់ទៅហើយនោះ ពុំបានរស់ឡើងវិញទេ គឺរហូតដល់គម្រប់មួយពាន់ឆ្នាំទើបរស់ឡើងវិញ។ នេះជាការរស់ឡើងវិញលើកទីមួយ
6. អស់អ្នកដែលបានរស់ឡើងវិញនៅលើកទីមួយពិតជាមានសុភមង្គល* ហើយនឹងបានវិសុទ្ធ*ទៀតផង!។ សេចក្ដីស្លាប់ទីពីរ គ្មានអំណាចលើអ្នកទាំងនោះឡើយ ផ្ទុយទៅវិញ គេនឹងទៅជាបូជាចារ្យ*របស់ព្រះជាម្ចាស់ និងរបស់ព្រះគ្រិស្ដ ហើយសោយរាជ្យជាមួយព្រះអង្គ ក្នុងរយៈពេលមួយពាន់ឆ្នាំ។
7. លុះរយៈពេលមួយពាន់ឆ្នាំនោះកន្លងផុតទៅ មារសាតាំងនឹងរួចពីគុក
8. ហើយវាចេញទៅបញ្ឆោតជាតិសាសន៍នានា នៅទិសទាំងបួនឲ្យវង្វេង គឺវានាំទាំងសាសន៍កុក ទាំងសាសន៍ម៉ាកុកឲ្យវង្វេងដែរ ដើម្បីប្រមូលគេមកធ្វើសឹកសង្គ្រាម។ ពួកគេមានចំនួនច្រើនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។
9. ពួកគេបានឡើងទៅច្បាំងពាសពេញលើផែនដីទាំងមូល ហើយឡោមព័ទ្ធទីបោះជំរំរបស់ប្រជារាស្ដ្រព្រះជាម្ចាស់ ព្រមទាំងឡោមព័ទ្ធក្រុងដ៏ជាទីស្រឡាញ់របស់ព្រះអង្គថែមទៀតផង។ ក៏ប៉ុន្តែ មានភ្លើងធ្លាក់ពីលើមេឃមកលេបពួកគេអស់ទៅ។
10. រីឯមារដែលបាននាំជាតិសាសន៍ទាំងនោះឲ្យវង្វេង ក៏ត្រូវគេបោះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលមានសត្វតិរច្ឆាន និងព្យាការីក្លែងក្លាយនៅក្នុងនោះស្រាប់។ គេនឹងរងទុក្ខវេទនាទាំងថ្ងៃ ទាំងយប់ អស់កល្បជាអង្វែងតរៀងទៅ។
11. បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញព្រះអង្គដែលគង់នៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និងផ្ទៃមេឃ បានរត់ចេញបាត់ពីព្រះភ័ក្ត្រព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។
12. ខ្ញុំក៏ឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយមានក្រាំងជាច្រើនបើកជាស្រេច មានក្រាំងមួយទៀតបើកដែរ គឺក្រាំងនៃបញ្ជីជីវិត។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់វិនិច្ឆ័យទោសមនុស្សស្លាប់ទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងក្រាំងទាំងនោះស្រាប់។