6. ក៏ប៉ុន្តែ យើងសរសើរអ្នកត្រង់កន្លែងមួយ គឺអ្នកស្អប់អំពើដែលពួកនីកូឡាសប្រព្រឹត្ដ យើងក៏ស្អប់អំពើទាំងនោះដែរ។
7. ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំ*ទាំងនេះឲ្យមែនទែន!។ អ្នកណាមានជ័យជំនះ យើងនឹងឲ្យអ្នកនោះបរិភោគផ្លែឈើ ដែលបេះពីដើមនៃជីវិត នៅក្នុងសួនឧទ្យានរបស់ព្រះជាម្ចាស់”»។
8. «ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំ*នៅក្រុងស្មៀរណា ដូចតទៅនេះ៖ព្រះអង្គដែលគង់នៅមុនគេ និងនៅក្រោយគេបំផុត គឺព្រះអង្គដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលថា:
9. “យើងស្គាល់ទុក្ខវេទនារបស់អ្នកហើយ និងដឹងថាអ្នកកំសត់ទុគ៌ត តែតាមពិត អ្នកជាអ្នកមាន។ យើងក៏ដឹងទៀតថា អស់អ្នកដែលតាំងខ្លួនជាសាសន៍យូដា បានប្រមាថមាក់ងាយអ្នក តែអ្នកទាំងនោះមិនមែនជាសាសន៍យូដាទេ គឺជាទីប្រជុំរបស់មារ*សាតាំង។
10. កុំខ្លាចទុក្ខលំបាកដែលអ្នកត្រូវជួបប្រទះនោះឡើយ។ តោងដឹងថា មារ*នឹងចាប់អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា យកទៅឃុំឃាំង ដើម្បីល្បងលមើលអ្នករាល់គ្នា ហើយអ្នកត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរមានចិត្តស្មោះត្រង់រហូតដល់ស្លាប់ នោះយើងនឹងប្រគល់ជីវិតមកអ្នក ទុកជាមកុដ។
11. ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!។ អ្នកណាមានជ័យជំនះ សេចក្ដីស្លាប់ទីពីរពុំអាចមកយាយីអ្នកនោះបានឡើយ”»។
12. «ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំ*នៅក្រុងពើកាម៉ុស ដូចតទៅនេះ៖ព្រះអង្គដែលមានដាវដ៏ស្រួចមុខពីរ ទ្រង់មានព្រះបន្ទូលថា:
13. “យើងស្គាល់កន្លែងអ្នករស់នៅហើយ គឺអ្នកស្ថិតនៅត្រង់កន្លែងដែលមានបល្ល័ង្ករបស់មារ*សាតាំង។ អ្នកនៅតែមានចិត្តស្មោះស្ម័គ្រនឹងយើងជានិច្ច សូម្បីតែនៅគ្រាដែលគេសម្លាប់អាន់ទីប៉ាស ជាបន្ទាល់ដ៏ស្មោះត្រង់របស់យើង ក៏អ្នកពុំបានលះបង់ចោលជំនឿរបស់អ្នកចំពោះយើងដែរ។ គេបានសម្លាប់គាត់ក្នុងក្រុងរបស់អ្នករាល់គ្នា គឺនៅកន្លែងដែលមារសាតាំងនៅ។
14. ក៏ប៉ុន្តែ យើងប្រកាន់អ្នកត្រង់ចំណុចខ្លះៗ ព្រោះក្នុងចំណោមអ្នក មានអ្នកខ្លះកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម។ បាឡាមនេះបានបង្រៀនបាឡាក់ឲ្យប្រើកលល្បិច ទាក់ទាញជនជាតិអ៊ីស្រាអែល ឲ្យបរិភោគសាច់ដែលគេសែនព្រះក្លែងក្លាយ និងឲ្យប្រាសចាកសីលធម៌។
15. រីឯអ្នកវិញក៏ដូច្នោះដែរ គឺក្នុងចំណោមអ្នក មានអ្នកខ្លះបានកាន់តាមសេចក្ដីបង្រៀនរបស់ពួកនីកូឡាសរបៀបនេះដូចគ្នា។
16. ដូច្នេះ ចូរកែប្រែចិត្តគំនិតឡើង បើពុំនោះទេ យើងនឹងមករកអ្នកក្នុងពេលឆាប់ៗខាងមុខ ហើយយកដាវដែលចេញពីមាត់យើង មកប្រយុទ្ធនឹងអ្នកទាំងនោះទៀតផង។
17. ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!។ អ្នកណាមានជ័យជំនះ យើងនឹងឲ្យនំម៉ាណាដ៏លាក់កំបាំងទៅអ្នកនោះ ព្រមទាំងប្រគល់ក្រួសពណ៌សមួយដុំឲ្យដែរ នៅលើដុំក្រួសនោះមានចារឹកឈ្មោះមួយថ្មី ដែលគ្មាននរណាម្នាក់ស្គាល់ឡើយ វៀរលែងតែអ្នកដែលបានទទួលនោះចេញ”»។
18. «ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំនៅក្រុងធាទេរ៉ា ដូចតទៅនេះ៖ព្រះបុត្រារបស់ព្រះជាម្ចាស់ គឺព្រះអង្គដែលមានព្រះនេត្រភ្លឺដូចអណ្ដាតភ្លើង និងព្រះបាទាដូចលង្ហិន ទ្រង់មានព្រះបន្ទូលថា:
19. “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្តនោះហើយ យើងដឹងថា អ្នកមានចិត្តស្រឡាញ់ មានជំនឿ ចេះបម្រើអ្នកដទៃ មានចិត្តព្យាយាម។ យើងដឹងទៀតថា អំពើដែលអ្នកប្រព្រឹត្តថ្មីៗនេះមានចំនួនច្រើនលើសមុនទៅទៀត។
20. ក៏ប៉ុន្តែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកបណ្ដោយឲ្យនាងយេសិបិល ជាស្រីដែលតាំងខ្លួនជាព្យាការិនី* បង្រៀន និងបញ្ឆោតពួកអ្នកបម្រើរបស់យើងឲ្យវង្វេង ឲ្យប្រាសចាកសីលធម៌ និងបរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ។
21. យើងបានទុកពេលឲ្យស្ត្រីនោះកែប្រែចិត្តគំនិត តែនាងពុំព្រមកែប្រែចិត្តគំនិតឡើយ នាងនៅតែប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដដែល។