10. កុំខ្លាចទុក្ខលំបាកដែលអ្នកត្រូវជួបប្រទះនោះឡើយ។ តោងដឹងថា មារ*នឹងចាប់អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា យកទៅឃុំឃាំង ដើម្បីល្បងលមើលអ្នករាល់គ្នា ហើយអ្នកត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរមានចិត្តស្មោះត្រង់រហូតដល់ស្លាប់ នោះយើងនឹងប្រគល់ជីវិតមកអ្នក ទុកជាមកុដ។
11. ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!។ អ្នកណាមានជ័យជំនះ សេចក្ដីស្លាប់ទីពីរពុំអាចមកយាយីអ្នកនោះបានឡើយ”»។
12. «ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំ*នៅក្រុងពើកាម៉ុស ដូចតទៅនេះ៖ព្រះអង្គដែលមានដាវដ៏ស្រួចមុខពីរ ទ្រង់មានព្រះបន្ទូលថា:
13. “យើងស្គាល់កន្លែងអ្នករស់នៅហើយ គឺអ្នកស្ថិតនៅត្រង់កន្លែងដែលមានបល្ល័ង្ករបស់មារ*សាតាំង។ អ្នកនៅតែមានចិត្តស្មោះស្ម័គ្រនឹងយើងជានិច្ច សូម្បីតែនៅគ្រាដែលគេសម្លាប់អាន់ទីប៉ាស ជាបន្ទាល់ដ៏ស្មោះត្រង់របស់យើង ក៏អ្នកពុំបានលះបង់ចោលជំនឿរបស់អ្នកចំពោះយើងដែរ។ គេបានសម្លាប់គាត់ក្នុងក្រុងរបស់អ្នករាល់គ្នា គឺនៅកន្លែងដែលមារសាតាំងនៅ។
14. ក៏ប៉ុន្តែ យើងប្រកាន់អ្នកត្រង់ចំណុចខ្លះៗ ព្រោះក្នុងចំណោមអ្នក មានអ្នកខ្លះកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម។ បាឡាមនេះបានបង្រៀនបាឡាក់ឲ្យប្រើកលល្បិច ទាក់ទាញជនជាតិអ៊ីស្រាអែល ឲ្យបរិភោគសាច់ដែលគេសែនព្រះក្លែងក្លាយ និងឲ្យប្រាសចាកសីលធម៌។
15. រីឯអ្នកវិញក៏ដូច្នោះដែរ គឺក្នុងចំណោមអ្នក មានអ្នកខ្លះបានកាន់តាមសេចក្ដីបង្រៀនរបស់ពួកនីកូឡាសរបៀបនេះដូចគ្នា។
16. ដូច្នេះ ចូរកែប្រែចិត្តគំនិតឡើង បើពុំនោះទេ យើងនឹងមករកអ្នកក្នុងពេលឆាប់ៗខាងមុខ ហើយយកដាវដែលចេញពីមាត់យើង មកប្រយុទ្ធនឹងអ្នកទាំងនោះទៀតផង។
17. ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!។ អ្នកណាមានជ័យជំនះ យើងនឹងឲ្យនំម៉ាណាដ៏លាក់កំបាំងទៅអ្នកនោះ ព្រមទាំងប្រគល់ក្រួសពណ៌សមួយដុំឲ្យដែរ នៅលើដុំក្រួសនោះមានចារឹកឈ្មោះមួយថ្មី ដែលគ្មាននរណាម្នាក់ស្គាល់ឡើយ វៀរលែងតែអ្នកដែលបានទទួលនោះចេញ”»។
18. «ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំនៅក្រុងធាទេរ៉ា ដូចតទៅនេះ៖ព្រះបុត្រារបស់ព្រះជាម្ចាស់ គឺព្រះអង្គដែលមានព្រះនេត្រភ្លឺដូចអណ្ដាតភ្លើង និងព្រះបាទាដូចលង្ហិន ទ្រង់មានព្រះបន្ទូលថា:
19. “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្តនោះហើយ យើងដឹងថា អ្នកមានចិត្តស្រឡាញ់ មានជំនឿ ចេះបម្រើអ្នកដទៃ មានចិត្តព្យាយាម។ យើងដឹងទៀតថា អំពើដែលអ្នកប្រព្រឹត្តថ្មីៗនេះមានចំនួនច្រើនលើសមុនទៅទៀត។
20. ក៏ប៉ុន្តែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកបណ្ដោយឲ្យនាងយេសិបិល ជាស្រីដែលតាំងខ្លួនជាព្យាការិនី* បង្រៀន និងបញ្ឆោតពួកអ្នកបម្រើរបស់យើងឲ្យវង្វេង ឲ្យប្រាសចាកសីលធម៌ និងបរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ។
21. យើងបានទុកពេលឲ្យស្ត្រីនោះកែប្រែចិត្តគំនិត តែនាងពុំព្រមកែប្រែចិត្តគំនិតឡើយ នាងនៅតែប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដដែល។
22. ហេតុនេះ យើងនឹងធ្វើឲ្យនាងឈឺដេកលើគ្រែយ៉ាងសែនវេទនា ហើយធ្វើឲ្យពួកអ្នកដែលរួមផិតក្បត់ជាមួយនាង វេទនាដូចគ្នាដែរ លើកលែងតែគេកែប្រែចិត្ត ឈប់ប្រព្រឹត្តអំពើនោះជាមួយនាងទៀត។
23. យើងនឹងប្រហារជីវិតកូនចៅរបស់នាង ហើយពេលនោះ ក្រុមជំនុំទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស ហើយយើងផ្ដល់ឲ្យអ្នករាល់គ្នាទទួលផលម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
24. ចំពោះអ្នកមួយចំនួនទៀតក្នុងចំណោមអ្នករាល់គ្នា នៅក្រុងធាទេរ៉ា ដែលពុំបានជំពាក់ចិត្តនឹងលទ្ធិនោះ ហើយក៏ពុំបានស្គាល់ “សេចក្ដីជ្រៅជ្រះរបស់មារសាតាំង” ដូចពាក្យគេនិយាយ យើងសុំប្រាប់អ្នករាល់គ្នាថា យើងនឹងមិនដាក់បន្ទុកអ្វីលើអ្នករាល់គ្នាទៀតទេ
25. គឺគ្រាន់តែកាន់តាមអ្វីៗដែលអ្នករាល់គ្នាមានឲ្យខ្ជាប់ខ្ជួន រហូតដល់ពេលយើងមកដល់ប៉ុណ្ណោះបានហើយ។
26. អ្នកណាមានជ័យជំនះ ហើយបំពេញកិច្ចការរបស់យើងរហូតដល់ចុងបញ្ចប់ យើងនឹងឲ្យអ្នកនោះមានអំណាចគ្រប់គ្រងលើប្រជាជាតិនានា
27. គេនឹងដឹកនាំប្រជាជាតិទាំងនោះដោយដំបងដែក ដូចគេកម្ទេចភាជន៍ធ្វើពីដីឥដ្ឋ។
28. អ្នកនោះមានអំណាចដូចអំណាចដែលយើងបានទទួលពីព្រះបិតារបស់យើង ហើយយើងនឹងប្រគល់ផ្កាយព្រឹកឲ្យអ្នកនោះ។
29. ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!”»។