6. ពេលនោះ ខ្ញុំឮហាក់ដូចជាមានសំឡេងបណ្ដាជនដ៏ច្រើនកុះករ ដូចជាមានស្នូរសន្ធឹកមហាសាគរ និងដូចជាមានស្នូរផ្គរលាន់យ៉ាងខ្លាំងថា៖ «ហាលេលូយ៉ា! ដ្បិតព្រះជាអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ
7. យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឲ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀមក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។
8. ព្រះអង្គប្រទានឲ្យនាងស្លៀកពាក់រុងរឿង ភ្លឺចិញ្ចែងចិញ្ចាច និងបរិសុទ្ធ។ សម្លៀកបំពាក់ដ៏រុងរឿងនោះគឺជាអំពើសុចរិតផ្សេងៗ ដែលប្រជាជនដ៏វិសុទ្ធបានប្រព្រឹត្ត»។
9. ទេវតា*ពោលមកកាន់ខ្ញុំថា៖ «ចូរកត់ត្រាទុក អ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅឲ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គល*ហើយ!»។ បន្ទាប់មក ទេវតាប្រាប់ខ្ញុំថា៖ «សេចក្ដីទាំងនេះពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន»។
10. ខ្ញុំក៏ក្រាបចុះនៅទៀបជើងទេវតានោះ បម្រុងនឹងថ្វាយបង្គំលោក ប៉ុន្តែ លោកពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយលោកទេតើ ហើយខ្ញុំក៏រួមការងារជាមួយបងប្អូនលោក ដែលជឿលើសក្ខីភាពរបស់ព្រះយេស៊ូដែរ។ ត្រូវថ្វាយបង្គំព្រះជាម្ចាស់វិញ! ដ្បិតសក្ខីភាពរបស់ព្រះយេស៊ូ គឺវិញ្ញាណដែលថ្លែងព្រះបន្ទូលក្នុងនាមព្រះជាម្ចាស់»។
11. បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ ព្រះអង្គដែលគង់នៅលើសេះនោះ មានព្រះនាមថា «ព្រះដ៏ស្មោះត្រង់ ព្រះដ៏ពិតប្រាកដ» ទ្រង់វិនិច្ឆ័យ និងច្បាំងប្រកបដោយយុត្តិធម៌។
12. ព្រះអង្គមានព្រះនេត្រដូចអណ្ដាតភ្លើង ហើយមានមកុដជាច្រើននៅលើព្រះសិរសាផង។ នៅលើព្រះកាយព្រះអង្គមានសរសេរព្រះនាមមួយ ក្រៅពីព្រះអង្គ គ្មាននរណាស្គាល់ព្រះនាមនោះឡើយ
13. ព្រះអង្គមានសម្លៀកបំពាក់ទទឹកឈាមជោក។ ព្រះអង្គមានព្រះនាមថា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់»។
14. កងទ័ពនៅស្ថានសួគ៌នាំគ្នាជិះសេះ ស មកតាមព្រះអង្គ ទាំងស្លៀកពាក់សំពត់ទេសឯកពណ៌ស និងបរិសុទ្ធ*។
15. មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារជាតិសាសន៍ទាំងឡាយព្រះអង្គនឹងកាន់ដំបងដែកដឹកនាំគេ ហើយព្រះអង្គជាន់ទំពាំងបាយជូរនៅក្នុងធុង ឲ្យចេញជាស្រានៃព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះជាម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។