16. គេពោលថា “វេទនាហើយ! វេទនាហើយមហានគរដែលមានសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងពាក់មាស ត្បូង និងពេជ្រតុបតែងខ្លួន!
17. ភោគសម្បត្តិដ៏ច្រើននេះ បានវិនាសហិនហោចអស់តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ!”។ ពួកអ្នកបើកសំពៅ ពួកអ្នកជិះសំពៅតាមនោះ កម្មករសំពៅ និងអ្នករកស៊ីតាមជើងទឹកទាំងប៉ុន្មាន នាំគ្នានៅពីចម្ងាយ។
18. ពេលឃើញផ្សែងហុយឡើងពីក្រុង ដែលកំពុងតែឆេះ គេនាំគ្នាស្រែកថា “តើមានក្រុងណាអាចប្រៀបផ្ទឹមនឹងមហានគរនេះបាន!”។
19. គេបាចធូលីដីលើក្បាលរបស់ខ្លួន ហើយនាំគ្នាយំសោក និងកាន់ទុក្ខ ទាំងពោលថា:“វេទនាហើយ! វេទនាហើយ! មហានគរដែលធ្វើឲ្យពួកម្ចាស់សំពៅនៅតាមសមុទ្ររកស៊ីមានបាន ដោយសារតែភោគសម្បត្តិរបស់ក្រុងនេះ។ ក្នុងពេលតែមួយម៉ោងក្រុងនេះទៅជាស្ងាត់ជ្រងំ!”។
20. ស្ថានបរមសុខអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏វិសុទ្ធ* សាវ័ក* និងព្យាការី* ចូរអរសប្បាយដែរ ដ្បិតព្រះជាម្ចាស់បានរកយុត្តិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។
21. ពេលនោះ ទេវតា*មួយរូបដ៏មានឥទ្ធិឫទ្ធិបានលើកថ្មមួយដុំដូចត្បាល់កិន បោះទៅក្នុងសមុទ្រ ទាំងពោលថា៖ «គេនឹងច្រានក្រុងបាប៊ីឡូនមហានគរទម្លាក់ទៅក្នុងសមុទ្រដូច្នោះដែរ!។ គ្មាននរណារកក្រុងនោះឃើញទៀតឡើយ។
22. គេនឹងលែងឮសំឡេងតូរ្យតន្ត្រីរបស់ពួកអ្នកលេងពិណ អ្នកភ្លេង អ្នកផ្លុំខ្លុយ និងអ្នកផ្លុំត្រែ ក្នុងឯងទៀតហើយ។ រីឯពួកជាងទាំងឡាយដែលប្រកបរបរគ្រប់មុខក៏លែងមាន ហើយសំឡេងត្បាល់កិនក៏លែងឮទៀតដែរ។
23. ក្នុងឯងលែងមានពន្លឺចង្កៀងទៀត សំឡេងគូស្វាមីភរិយាថ្មោងថ្មីក៏លែងឮទៀតដែរ ដ្បិតពួកឈ្មួញដែលរកស៊ីក្នុងឯង សុទ្ធតែជាអ្នកធំជាងគេនៅលើផែនដីនេះ វិជ្ជាធ្មប់របស់ឯងបាននាំជាតិសាសន៍ទាំងអស់ឲ្យវង្វេង
24. ហើយនៅក្នុងឯង ឃើញមានឈាមរបស់ពួកព្យាការី ឈាមរបស់ប្រជាជនដ៏វិសុទ្ធ និងឈាមរបស់អស់អ្នកដែលត្រូវគេសម្លាប់នៅលើផែនដីនេះ»។