12. ទំនិញទាំងនោះ គឺមាស ប្រាក់ ត្បូង ពេជ្រ ក្រណាត់ ទេសឯក ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហម ឈើក្រអូបគ្រប់មុខ គ្រឿងភ្លុក គ្រឿងផ្សេងៗដែលធ្វើពីឈើដ៏មានតម្លៃ ធ្វើពីលង្ហិន ធ្វើពីដែក និងធ្វើពីថ្មកែវ
13. សំបកសម្បុរល្វែង សំបកខ្លឹមចន្ទន៍ ទឹកអប់ ជ័រល្វីងទេស គ្រឿងក្រអូប ស្រា ប្រេង ម្សៅម៉ដ្ដ ស្រូវ គោ ចៀម សេះ រទេះ អ្នកងារ និងអ្នកជាប់ឈ្លើយ។
14. ពួកឈ្មួញទាំងនោះពោលទៅកាន់ក្រុងបាប៊ីឡូនថា: “ភោគផលទាំងប៉ុន្មានដែលអ្នកប្រាថ្នាចង់បាននោះរសាត់បាត់អស់ទៅហើយ វត្ថុដ៏មានតម្លៃ និងមានលំអដ៏ប្រណីតទាំងប៉ុន្មាននោះ អ្នកបាត់បង់ទាំងអស់ គ្មាននរណារកបានទៀតឡើយ!”។
15. ពួកឈ្មួញដែលរកស៊ីមានបាន ដោយលក់ទំនិញនៅក្រុងនេះ នាំគ្នាឈរពីចម្ងាយ ដោយតក់ស្លុតនឹងទុក្ខទោសដែលកើតមានដល់ក្រុង ទាំងយំសោក និងកាន់ទុក្ខទៀតផង។
16. គេពោលថា “វេទនាហើយ! វេទនាហើយមហានគរដែលមានសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងពាក់មាស ត្បូង និងពេជ្រតុបតែងខ្លួន!
17. ភោគសម្បត្តិដ៏ច្រើននេះ បានវិនាសហិនហោចអស់តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ!”។ ពួកអ្នកបើកសំពៅ ពួកអ្នកជិះសំពៅតាមនោះ កម្មករសំពៅ និងអ្នករកស៊ីតាមជើងទឹកទាំងប៉ុន្មាន នាំគ្នានៅពីចម្ងាយ។
18. ពេលឃើញផ្សែងហុយឡើងពីក្រុង ដែលកំពុងតែឆេះ គេនាំគ្នាស្រែកថា “តើមានក្រុងណាអាចប្រៀបផ្ទឹមនឹងមហានគរនេះបាន!”។
19. គេបាចធូលីដីលើក្បាលរបស់ខ្លួន ហើយនាំគ្នាយំសោក និងកាន់ទុក្ខ ទាំងពោលថា:“វេទនាហើយ! វេទនាហើយ! មហានគរដែលធ្វើឲ្យពួកម្ចាស់សំពៅនៅតាមសមុទ្ររកស៊ីមានបាន ដោយសារតែភោគសម្បត្តិរបស់ក្រុងនេះ។ ក្នុងពេលតែមួយម៉ោងក្រុងនេះទៅជាស្ងាត់ជ្រងំ!”។
20. ស្ថានបរមសុខអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏វិសុទ្ធ* សាវ័ក* និងព្យាការី* ចូរអរសប្បាយដែរ ដ្បិតព្រះជាម្ចាស់បានរកយុត្តិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។
21. ពេលនោះ ទេវតា*មួយរូបដ៏មានឥទ្ធិឫទ្ធិបានលើកថ្មមួយដុំដូចត្បាល់កិន បោះទៅក្នុងសមុទ្រ ទាំងពោលថា៖ «គេនឹងច្រានក្រុងបាប៊ីឡូនមហានគរទម្លាក់ទៅក្នុងសមុទ្រដូច្នោះដែរ!។ គ្មាននរណារកក្រុងនោះឃើញទៀតឡើយ។
22. គេនឹងលែងឮសំឡេងតូរ្យតន្ត្រីរបស់ពួកអ្នកលេងពិណ អ្នកភ្លេង អ្នកផ្លុំខ្លុយ និងអ្នកផ្លុំត្រែ ក្នុងឯងទៀតហើយ។ រីឯពួកជាងទាំងឡាយដែលប្រកបរបរគ្រប់មុខក៏លែងមាន ហើយសំឡេងត្បាល់កិនក៏លែងឮទៀតដែរ។
23. ក្នុងឯងលែងមានពន្លឺចង្កៀងទៀត សំឡេងគូស្វាមីភរិយាថ្មោងថ្មីក៏លែងឮទៀតដែរ ដ្បិតពួកឈ្មួញដែលរកស៊ីក្នុងឯង សុទ្ធតែជាអ្នកធំជាងគេនៅលើផែនដីនេះ វិជ្ជាធ្មប់របស់ឯងបាននាំជាតិសាសន៍ទាំងអស់ឲ្យវង្វេង
24. ហើយនៅក្នុងឯង ឃើញមានឈាមរបស់ពួកព្យាការី ឈាមរបស់ប្រជាជនដ៏វិសុទ្ធ និងឈាមរបស់អស់អ្នកដែលត្រូវគេសម្លាប់នៅលើផែនដីនេះ»។