វិវរណៈ 18:11-22 Khmer Standard Version (KHSV)

11. ពេល​នោះ ពួក​ឈ្មួញ​នៅ​លើ​ផែន‌ដី​ក៏​នាំ​គ្នា​យំ​សោក និង​កាន់​ទុក្ខ ព្រោះ​តែ​ក្រុង​នេះ​ដែរ ដ្បិត​គ្មាន​នរណា​ទិញ​ទំនិញ​របស់​ខ្លួន​ទៀត​ឡើយ

12. ទំនិញ​ទាំង​នោះ គឺ​មាស ប្រាក់ ត្បូង ពេជ្រ ក្រណាត់ ទេស‌ឯក ក្រណាត់​ពណ៌​ស្វាយ ក្រណាត់​សូត្រ ក្រណាត់​ពណ៌​ក្រហម ឈើ​ក្រអូប​គ្រប់​មុខ គ្រឿង​ភ្លុក គ្រឿង​ផ្សេងៗ​ដែល​ធ្វើ​ពី​ឈើ​ដ៏​មាន​តម្លៃ ធ្វើ​ពី​លង្ហិន ធ្វើ​ពី​ដែក និង​ធ្វើ​ពី​ថ្ម​កែវ

13. សំបក​សម្បុរ​ល្វែង​ សំបក​ខ្លឹមចន្ទន៍ ទឹក​អប់ ជ័រ​ល្វីង‌ទេស គ្រឿង​ក្រអូប ស្រា ប្រេង ម្សៅ‌ម៉ដ្ដ ស្រូវ គោ ចៀម សេះ រទេះ អ្នក​ងារ និង​អ្នក​ជាប់​ឈ្លើយ​។

14. ពួក​ឈ្មួញ​ទាំង​នោះ​ពោល​ទៅ​កាន់​ក្រុង​បាប៊ី‌ឡូន​ថា: “ភោគ​ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រាថ្នា​ចង់​បាន​នោះ​រសាត់​បាត់​អស់​ទៅ​ហើយ វត្ថុ​ដ៏​មាន​តម្លៃ និង​មាន​លំអ​ដ៏​ប្រណីត​ទាំង​ប៉ុន្មាន​នោះ អ្នក​បាត់​បង់​ទាំង​អស់ គ្មាន​នរណា​រក​បាន​ទៀត​ឡើយ!”។

15. ពួក​ឈ្មួញ​ដែល​រក​ស៊ី​មាន​បាន ដោយ​លក់​ទំនិញ​នៅ​ក្រុង​នេះ នាំ​គ្នា​ឈរ​ពី​ចម្ងាយ ដោយ​តក់‌ស្លុត​នឹង​ទុក្ខ​ទោស​ដែល​កើត​មាន​ដល់​ក្រុង ទាំង​យំ​សោក និង​កាន់​ទុក្ខ​ទៀត​ផង។

16. គេ​ពោល​ថា “វេទនា​ហើយ! វេទនា​ហើយ​មហា​នគរ​ដែល​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក ក្រណាត់​ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិន‌ឆ្អៅ ព្រម​ទាំង​ពាក់​មាស ត្បូង និង​ពេជ្រ​តុប‌តែង​ខ្លួន!

17. ភោគ​សម្បត្តិ​ដ៏​ច្រើន​នេះ បាន​វិនាស​ហិន‌ហោច​អស់​តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ!”។ ពួក​អ្នក​បើក​សំពៅ ពួក​អ្នក​ជិះ​សំពៅ​តាម​នោះ កម្មករ​សំពៅ និង​អ្នក​រក​ស៊ី​តាម​ជើង​ទឹក​ទាំង​ប៉ុន្មាន នាំ​គ្នា​នៅ​ពី​ចម្ងាយ។

18. ពេល​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង ដែល​កំពុង​តែ​ឆេះ គេ​នាំ​គ្នា​ស្រែក​ថា “តើ​មាន​ក្រុង​ណា​អាច​ប្រៀប​ផ្ទឹម​នឹង​មហា​នគរ​នេះ​បាន!”។

19. គេ​បាច​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន ហើយ​នាំ​គ្នា​យំ​សោក និង​កាន់​ទុក្ខ ទាំង​ពោល​ថា:“វេទនា​ហើយ! វេទនា​ហើយ! មហា​នគរ​ដែល​ធ្វើ​ឲ្យ​ពួក​ម្ចាស់​សំពៅ​នៅ​តាម​សមុទ្រ​រក​ស៊ី​មាន​បាន ដោយ‌សារ​តែ​ភោគ​សម្បត្តិ​របស់​ក្រុង​នេះ។ ក្នុង​ពេល​តែ​មួយ​ម៉ោង​ក្រុង​នេះ​ទៅ​ជា​ស្ងាត់​ជ្រងំ!”។

20. ស្ថាន​បរម‌សុខ​អើយ ចូរ​អរ​សប្បាយ​នឹង​ការ​វិនាស​របស់​ក្រុង​នេះ​ទៅ! អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌ជន​ដ៏‌វិសុទ្ធ* សាវ័ក* និង​ព្យាការី* ចូរ​អរ​សប្បាយ​ដែរ ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​រក​យុត្តិធម៌​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ដាក់​ទោស​ក្រុង​នេះ​ហើយ»។

21. ពេល​នោះ ទេវតា*​មួយ​រូប​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​បាន​លើក​ថ្ម​មួយ​ដុំ​ដូច​ត្បាល់​កិន បោះ​ទៅ​ក្នុង​សមុទ្រ ទាំង​ពោល​ថា៖ «គេ​នឹង​ច្រាន​ក្រុង​បាប៊ី‌ឡូន​មហា​នគរ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ដូច្នោះ​ដែរ!។ គ្មាន​នរណា​រក​ក្រុង​នោះ​ឃើញ​ទៀត​ឡើយ។

22. គេ​នឹង​លែង​ឮ​សំឡេង​តូរ្យ​តន្ត្រី​របស់​ពួក​អ្នក​លេង​ពិណ អ្នក​ភ្លេង អ្នក​ផ្លុំ​ខ្លុយ និង​អ្នក​ផ្លុំ​ត្រែ ក្នុង​ឯង​ទៀត​ហើយ។ រីឯ​ពួក​ជាង​ទាំង‌ឡាយ​ដែល​ប្រកប​របរ​គ្រប់​មុខ​ក៏​លែង​មាន ហើយ​សំឡេង​ត្បាល់​កិន​ក៏​លែង​ឮ​ទៀត​ដែរ។

វិវរណៈ 18