6. ខ្ញុំឃើញស្ត្រីនោះស្រវឹងឈាមរបស់ប្រជាជនដ៏វិសុទ្ធ* និងឈាមអស់អ្នកដែលជាបន្ទាល់របស់ព្រះយេស៊ូ។ ពេលឃើញស្ត្រីនោះ ខ្ញុំងឿងឆ្ងល់ខ្លាំងណាស់។
7. ទេវតាពោលមកកាន់ខ្ញុំថា៖ «ហេតុអ្វីបានជាលោកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងប្រាប់លោកឲ្យបានដឹងអត្ថន័យដ៏អាថ៌កំបាំងអំពីស្ត្រីនោះ និងអំពីសត្វដែលនាងជិះ មានក្បាលប្រាំពីរ និងស្នែងដប់។
8. សត្វដែលលោកឃើញនោះ នៅសម័យដើម មានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងឡើងពីនរកអវិចីមក រួចវានឹងវិនាសបាត់ទៅវិញ។ ពេលឃើញសត្វនោះ មនុស្សម្នារស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីមុនកំណើតពិភពលោកមក នឹងងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះនៅសម័យដើមវាមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងលេចមកសាជាថ្មី។
9. ត្រង់នេះ តោងយកប្រាជ្ញាដ៏ឈ្លាសវៃមករិះគិត ទើបយល់ ក្បាលប្រាំពីរសំដៅទៅលើភ្នំទាំងប្រាំពីរដែលស្ត្រីនោះអង្គុយលើ ហើយក៏សំដៅទៅលើស្ដេចទាំងប្រាំពីរអង្គដែរ។
10. ស្ដេចប្រាំអង្គបានធ្លាក់រាជ្យបាត់ទៅហើយ មួយអង្គទៀត កំពុងតែសោយរាជ្យ ហើយមួយអង្គទៀតមិនទាន់មកដល់នៅឡើយទេ។ ពេលស្ដេចនោះមកដល់ ទ្រង់នឹងសោយរាជ្យតែមួយភ្លែតប៉ុណ្ណោះ។
11. រីឯសត្វតិរច្ឆានដែលមានជីវិតកាលពីសម័យដើម តែឥឡូវគ្មានទេនោះ វានឹងមកធ្វើជាស្ដេចទីប្រាំបី។ វាក៏នៅក្នុងចំណោមស្ដេចទាំងប្រាំពីរនោះដែរ ហើយនឹងត្រូវវិនាសបាត់ទៅ។
12. ស្នែងទាំងដប់ដែលលោកបានឃើញ សំដៅទៅលើស្ដេចដប់អង្គដែលពុំទាន់បានទទួលរាជសម្បត្តិនៅឡើយ តែស្ដេចទាំងនោះនឹងទទួលអំណាចធ្វើជាស្ដេច បានមួយម៉ោងរួមជាមួយសត្វតិរច្ឆាន។
13. ស្ដេចទាំងនោះមានគោលបំណងតែមួយដូចគ្នា គឺប្រគល់ឫទ្ធានុភាព និងអំណាចខ្លួន ទៅឲ្យសត្វតិរច្ឆាន។
14. ស្ដេចទាំងដប់ នឹងនាំគ្នាធ្វើសឹកជាមួយកូនចៀម តែកូនចៀមនឹងឈ្នះស្ដេចទាំងដប់ ដ្បិតព្រះអង្គជាព្រះអម្ចាស់លើអម្ចាស់នានា និងជាព្រះមហាក្សត្រ លើមហាក្សត្រនានា។ រីឯអស់អ្នកដែលនៅជាមួយកូនចៀម គឺអ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ និងបានជ្រើសរើស ហើយដែលមានជំនឿដ៏ស្មោះ ក៏នឹងមានជ័យជំនះរួមជាមួយកូនចៀមដែរ»។
15. ទេវតាពោលមកកាន់ខ្ញុំទៀតថា៖ «មហាសមុទ្រដែលលោកបានឃើញ គឺមហាសមុទ្រដែលស្ត្រីពេស្យាអង្គុយលើនោះ សំដៅទៅលើប្រជារាស្ត្រ មហាជន ជាតិសាសន៍ និងភាសានានា។