2. ទេវតាទីមួយចេញទៅ យកពែងរបស់ខ្លួនចាក់លើផែនដី ស្រាប់តែអស់អ្នកដែលមានសញ្ញាសម្គាល់របស់សត្វតិរច្ឆាន ហើយដែលក្រាបថ្វាយបង្គំរូបចម្លាក់របស់វា កើតដំបៅរលួយ ឈឺចុកចាប់យ៉ាងខ្លាំង។
3. ទេវតាទីពីរយកពែងរបស់ខ្លួនចាក់លើសមុទ្រ ស្រាប់តែសមុទ្រក្លាយទៅជាឈាម ដូចឈាមហូរចេញពីសាកសព ហើយអ្វីៗទាំងប៉ុន្មានដែលមានជីវិតក្នុងសមុទ្រក៏ស្លាប់អស់ទៅ។
4. ទេវតាទីបីយកពែងរបស់ខ្លួនចាក់លើទន្លេ និងប្រភពទឹកនានា ស្រាប់តែទន្លេ និងប្រភពទឹកក្លាយទៅជាឈាមទាំងអស់។
5. ខ្ញុំឮទេវតាម្ចាស់ទឹកពោលថា៖ «បពិត្រព្រះអង្គដ៏មានព្រះជន្មគង់នៅសព្វថ្ងៃ និងមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ព្រះអង្គពិតជាវិសុទ្ធ ហើយទ្រង់វិនិច្ឆ័យទោសដោយយុត្តិធម៌មែន!
6. ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមប្រជាជនដ៏វិសុទ្ធ* និងបង្ហូរឈាមពួកព្យាការី* ព្រះអង្គឲ្យឈាមគេផឹកដូច្នេះ សមមុខពួកគេហើយ»។
7. ខ្ញុំឮសំឡេងមួយចេញពីអាសនៈមកថា៖ «ប្រាកដមែន! បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គវិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌ពិតមែនហើយ!»។
8. ទេវតាទីបួនយកពែងរបស់ខ្លួនចាក់ទៅលើព្រះអាទិត្យ ស្រាប់តែព្រះអាទិត្យទទួលអំណាចធ្វើឲ្យមនុស្សក្ដៅក្រហល់ក្រហាយ។
9. មនុស្សម្នាត្រូវរលាកដោយកម្ដៅថ្ងៃយ៉ាងខ្លាំង គេនាំគ្នាជេរប្រមាថព្រះនាមព្រះជាម្ចាស់ ដែលមានអំណាចលើគ្រោះកាចទាំងនេះ តែគេពុំបានកែប្រែចិត្តគំនិត ហើយពុំព្រមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គឡើយ។
10. ទេវតាទីប្រាំយកពែងរបស់ខ្លួនចាក់ទៅលើបល្ល័ង្ករបស់សត្វតិរច្ឆាន ស្រាប់តែអាណាចក្ររបស់វាប្រែទៅជាងងឹតសូន្យ មនុស្សម្នានាំគ្នាខាំអណ្ដាតរបស់ខ្លួន ព្រោះវេទនាខ្លាំងពេក។
11. គេនាំគ្នាជេរប្រមាថព្រះជាម្ចាស់នៃស្ថានបរមសុខ* ព្រោះតែឈឺចុកចាប់ និងកើតដំបៅពេញខ្លួន។ ប៉ុណ្ណឹងហើយ ពួកគេនៅតែមិនកែប្រែចិត្តគំនិត លះបង់អំពើដែលខ្លួនធ្លាប់ប្រព្រឹត្តនោះឡើយ។
12. ទេវតាទីប្រាំមួយយកពែងរបស់ខ្លួនចាក់ទៅលើទន្លេធំ គឺទន្លេអឺប្រាត ស្រាប់តែទឹករីងអស់ ដើម្បីឲ្យទន្លេទៅជាផ្លូវមួយចាំទទួលស្ដេចនានាមកពីបូព៌ាប្រទេស។