វិវរណៈ 14:12-20 Khmer Standard Version (KHSV)

12. ដូច្នេះ ប្រជា‌ជន​ដ៏‌វិសុទ្ធ* គឺ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​បទ​បញ្ជា*​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជា‌ម្ចាស់ និង​កាន់​តាម​ជំនឿ​របស់​ព្រះ‌យេស៊ូ ត្រូវ​មាន​ចិត្ត​ព្យាយាម។

13. ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ពី​លើ​មេឃ​មក​ថា៖ «ចូរ​សរសេរ​ដូច​ត​ទៅ: អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​ព្រះ‌អម្ចាស់​ពិត​ជា​មាន​សុភមង្គល* ចាប់​តាំង​ពី​ពេល​នេះ​ទៅ​ហើយ! ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ថា ពិត​មែន​ហើយ អ្នក​ទាំង​នោះ​នឹង​បាន​ឈប់​សម្រាក លែង​នឿយ‌ហត់​ទៀត ដ្បិត​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន នឹង​អន្ទោល​តាម​គេ​ជាប់​ជា‌និច្ច»។

14. ខ្ញុំ​មើល​ទៅ​ឃើញ​ពពក*​ស​មួយ​ដុំ ហើយ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស* អង្គុយ​លើ​ពពក​នោះ។ លោក​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល ព្រម​ទាំង​កាន់​កណ្ដៀវ​មួយ​យ៉ាង​មុត​នៅ​ដៃ​ផង។

15. មាន​ទេវតា​មួយ​រូប​ទៀត​ចេញ​ពី​ព្រះ‌វិហារ​មក ហើយ​ស្រែក​ឡើង​ខ្លាំងៗ​ទៅ​កាន់​លោក​ដែល​អង្គុយ​លើ​ពពក​ថា៖ «សូម​យក​កណ្ដៀវ​របស់​លោក​មក​ច្រូត​ទៅ! ដល់​ពេល​ច្រូត​ហើយ ដ្បិត​ផែន‌ដី​ទុំ ល្មម​ច្រូត​ហើយ»។

16. ពេល​នោះ លោក​ដែល​អង្គុយ​នៅ​លើ​ពពក បោះ​កណ្ដៀវ​មក​ផែន‌ដី ផែន‌ដី​ក៏​ច្រូត​ស្រេច​រួច​រាល់។

17. មាន​ទេវតា​មួយ​រូប​ទៀត​ចេញ​ពី​ព្រះ‌វិហារ​នៅ​ស្ថាន​បរម‌សុខ*​មក លោក​ក៏​មាន​កាំបិត​មួយ​ដ៏​មុត​ដែរ។

18. ទេវតា​មួយ​រូប​ទៀត​ដែល​មាន​អំណាច​លើ​ភ្លើង​បាន​ចេញ​ពី​អាសនៈ​មក ពោល​ខ្លាំងៗ​ទៅ​កាន់​ទេវតា​ដែល​កាន់​កាំបិត​ដ៏​មុត​ថា៖ «សូម​យក​កាំបិត​ដ៏​មុត​របស់​លោក មក​កាត់​ចង្កោម​ទំពាំង‌បាយជូរ​នៅ​លើ​ផែន‌ដី​ទៅ ដ្បិត​ផ្លែ​វា​ទុំ​អស់​ហើយ!»។

19. ទេវតា​នោះ​បោះ​កាំបិត​របស់​លោក​មក​លើ​ផែន‌ដី ផ្លែ​ទំពាំង‌បាយជូរ​នៅ​លើ​ផែន‌ដី​ក៏​កាត់​រួច​រាល់​ជា​ស្រេច ហើយ​លោក​បោះ​ផ្លែ​ទំពាំង‌បាយជូរ​ទៅ​ក្នុង​ធុង​បញ្ជាន់​ផ្លែ ជា​ធុង​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌ជា‌ម្ចាស់។

20. បន្ទាប់​មក គេ​យក​ធុង​ចេញ​ទៅ​ក្រៅ​ទីក្រុង ដើម្បី​បញ្ជាន់​ផ្លែ ពេល​នោះ មាន​ឈាម​ហូរ​ចេញ​ពី​ធុង​មក​មាន​កំពស់​ត្រឹម​មាត់​សេះ ចម្ងាយ​ប្រមាណ​មួយ​ពាន់​ប្រាំ​មួយ​រយ​ស្ដាដ​។

វិវរណៈ 14