11. ផ្សែងភ្លើងដែលធ្វើឲ្យគេរងទុក្ខទោស ហុយអស់កល្បជាអង្វែងតរៀងទៅ។ អស់អ្នកដែលបានក្រាបថ្វាយបង្គំសត្វតិរច្ឆាន និងក្រាបថ្វាយបង្គំរូបចម្លាក់របស់វា ហើយបានទទួលសញ្ញាសម្គាល់ឈ្មោះរបស់វា មុខជាត្រូវវេទនា ទាំងថ្ងៃទាំងយប់ ឥតស្រាកស្រាន្តឡើយ»។
12. ដូច្នេះ ប្រជាជនដ៏វិសុទ្ធ* គឺអស់អ្នកដែលប្រតិបត្តិតាមបទបញ្ជា*ទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ និងកាន់តាមជំនឿរបស់ព្រះយេស៊ូ ត្រូវមានចិត្តព្យាយាម។
13. ខ្ញុំឮសំឡេងមួយបន្លឺពីលើមេឃមកថា៖ «ចូរសរសេរដូចតទៅ: អស់អ្នកដែលស្លាប់រួមជាមួយព្រះអម្ចាស់ពិតជាមានសុភមង្គល* ចាប់តាំងពីពេលនេះទៅហើយ! ព្រះវិញ្ញាណមានព្រះបន្ទូលថា ពិតមែនហើយ អ្នកទាំងនោះនឹងបានឈប់សម្រាក លែងនឿយហត់ទៀត ដ្បិតកិច្ចការដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន នឹងអន្ទោលតាមគេជាប់ជានិច្ច»។
14. ខ្ញុំមើលទៅឃើញពពក*សមួយដុំ ហើយមានម្នាក់ដូចបុត្រមនុស្ស* អង្គុយលើពពកនោះ។ លោកពាក់មកុដមាសនៅលើក្បាល ព្រមទាំងកាន់កណ្ដៀវមួយយ៉ាងមុតនៅដៃផង។
15. មានទេវតាមួយរូបទៀតចេញពីព្រះវិហារមក ហើយស្រែកឡើងខ្លាំងៗទៅកាន់លោកដែលអង្គុយលើពពកថា៖ «សូមយកកណ្ដៀវរបស់លោកមកច្រូតទៅ! ដល់ពេលច្រូតហើយ ដ្បិតផែនដីទុំ ល្មមច្រូតហើយ»។
16. ពេលនោះ លោកដែលអង្គុយនៅលើពពក បោះកណ្ដៀវមកផែនដី ផែនដីក៏ច្រូតស្រេចរួចរាល់។