1. បន្ទាប់មកទៀត ខ្ញុំឃើញសត្វតិរច្ឆានមួយមានស្នែងដប់ និងក្បាលប្រាំពីរឡើងពីសមុទ្រមក នៅលើស្នែងទាំងដប់របស់វា មានមកុដដប់ ហើយនៅលើក្បាលទាំងប្រាំពីរ មានសរសេរឈ្មោះផ្សេងៗ ដែលប្រមាថព្រះជាម្ចាស់។
2. សត្វដែលខ្ញុំឃើញនោះ មានរាងដូចជាខ្លារខិន ជើងវាដូចជើងខ្លាឃ្មុំ ហើយមាត់វាដូចមាត់សិង្ហ។ នាគបានប្រគល់ឫទ្ធានុភាព និងបល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំទៅឲ្យសត្វនោះ។
3. ខ្ញុំក៏ឃើញក្បាលមួយរបស់សត្វនោះ ដូចជាត្រូវរបួសជិតស្លាប់ តែមុខរបួសដ៏ធ្ងន់ជិតស្លាប់នេះបានជាសះស្បើយឡើងវិញ។ មនុស្សម្នានៅលើផែនដីទាំងមូលកោតស្ញប់ស្ញែងយ៉ាងខ្លាំង ហើយនាំគ្នាទៅតាមសត្វនោះ។
4. គេនាំគ្នាក្រាបថ្វាយបង្គំនាគ ព្រោះនាគបានប្រគល់អំណាចឲ្យសត្វនោះ ហើយគេក៏ក្រាបថ្វាយបង្គំសត្វនោះដែរ ទាំងពោលថា៖ «តើនរណាអាចប្រៀបផ្ទឹមនឹងសត្វនេះបាន? តើនរណាអាចច្បាំងតទល់នឹងសត្វនេះបាន?»។
5. សត្វនោះបានទទួលសិទ្ធិពោលពាក្យព្រហើនៗ ព្រមទាំងប្រមាថព្រះជាម្ចាស់ទៀតផង។ វាបានទទួលអំណាចបញ្ចេញសកម្មភាព ក្នុងអំឡុងពេលសែសិបពីរខែ។
6. វាបានហាមាត់ប្រមាថព្រះជាម្ចាស់ គឺវាប្រមាថព្រះនាមរបស់ព្រះអង្គ ប្រមាថព្រះពន្លា*របស់ព្រះអង្គ និងប្រមាថអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខ*។
7. វាបានទទួលសិទ្ធិធ្វើសឹកសង្គ្រាមជាមួយប្រជាជនដ៏វិសុទ្ធ* ព្រមទាំងមានជ័យជំនះលើពួកគេទៀតផង។ វាបានទទួលអំណាចត្រួតត្រាលើកុលសម្ព័ន្ធ*ទាំងអស់ ប្រជារាស្ត្រទាំងអស់ ភាសាទាំងអស់ និងជាតិសាសន៍ទាំងអស់
8. ហើយមនុស្សម្នានៅលើផែនដីនឹងនាំគ្នាក្រាបថ្វាយបង្គំវា។ អ្នកទាំងនោះគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀម ដែលគេបានសម្លាប់ ជាបញ្ជីដែលមានតាំងពីដើមកំណើតពិភពលោកនោះឡើយ។