6. រីឯស្ត្រីវិញ នាងរត់ភៀសខ្លួនទៅនៅវាលរហោស្ថានត្រង់កន្លែងដែលព្រះជាម្ចាស់បានរៀបចំទុក ដើម្បីឲ្យគេទំនុកបម្រុងនាងក្នុងអំឡុងពេលមួយពាន់ពីររយហុកសិបថ្ងៃ។
7. ពេលនោះ ក៏មានចំបាំងផ្ទុះឡើង នៅលើមេឃ គឺមហាទេវតាមីកែល និងពួកទេវតារបស់លោកនាំគ្នាច្បាំងនឹងនាគ ហើយនាគរួមជាមួយពួកបរិវារវាក៏ច្បាំងតទល់វិញដែរ
8. ក៏ប៉ុន្តែ វាច្បាំងមិនឈ្នះ ហើយរកកន្លែងស្នាក់នៅលើមេឃមិនបានទៀតឡើយ។
9. នាគធំនោះក៏ត្រូវគេទម្លាក់ចុះមក គឺនាគធំហ្នឹងឯងជាពស់ពីបុរាណ ឈ្មោះមារ* ឬសាតាំង ដែលបាននាំមនុស្សនៅលើផែនដីទាំងមូលឲ្យវង្វេង។ វាត្រូវគេទម្លាក់ចុះមកផែនដី ហើយពួកបរិវារវាក៏ត្រូវគេទម្លាក់ចុះមកជាមួយដែរ។
10. ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យ*ព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រិស្ដរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភ័ក្ត្រនៃព្រះរបស់យើង។