1. បន្ទាប់មក ទេវតា*បានប្រគល់ដើមត្រែងមួយមកខ្ញុំ ស្រដៀងនឹងដំបងសម្រាប់វាស់ហើយប្រាប់ថា៖ «ចូរក្រោកឡើង ទៅវាស់ព្រះវិហារ*របស់ព្រះជាម្ចាស់ វាស់អាសនៈ និងរាប់អស់អ្នកដែលថ្វាយបង្គំព្រះអង្គនៅទីនោះផង។
2. ក៏ប៉ុន្តែ ត្រូវទុកទីលានដែលនៅខាងក្រៅព្រះវិហារដោយឡែក កុំវាស់ឲ្យសោះ ដ្បិតព្រះអង្គបានប្រគល់លាននោះឲ្យជាតិសាសន៍នានា ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏វិសុទ្ធអស់រយៈពេលសែសិបពីរខែ។
3. យើងនឹងឲ្យបន្ទាល់របស់យើងទាំងពីររូបស្លៀកបាវ ទៅថ្លែងព្រះបន្ទូល ក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃនោះ។
4. អ្នកទាំងពីរនេះគឺជាដើមអូលីវទាំងពីរ និងជាជើងចង្កៀងទាំងពីរដែលស្ថិតនៅខាងមុខព្រះអម្ចាស់នៃផែនដី។
5. ប្រសិនបើមាននរណាម្នាក់ចង់ធ្វើទុក្ខអ្នកទាំងពីរ នោះនឹងមានភ្លើងចេញពីមាត់គាត់ មកឆេះបំផ្លាញមារសត្រូវរបស់គាត់ជាមិនខាន។ ប្រាកដណាស់ ប្រសិនបើអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ អ្នកនោះពិតជាត្រូវស្លាប់បែបនេះឯង។
6. អ្នកទាំងពីរមានអំណាចធ្វើឲ្យមេឃរាំង គ្មានភ្លៀងធ្លាក់ក្នុងអំឡុងពេលដែលគាត់ថ្លែងព្រះបន្ទូល ហើយក៏មានអំណាចធ្វើឲ្យទឹកក្លាយទៅជាឈាម ព្រមទាំងធ្វើឲ្យគ្រោះកាចគ្រប់យ៉ាងអាចកើតមាននៅលើផែនដីពេលណាក៏បាន តាមតែគាត់ចង់។
7. ពេលអ្នកទាំងពីរបានផ្ដល់សក្ខីភាពរបស់ខ្លួនចប់សព្វគ្រប់ហើយ មានសត្វតិរច្ឆានឡើងពីនរកអវិចីមកច្បាំងនឹងគេ វានឹងឈ្នះ ហើយប្រហារជីវិតគេទៀតផង។
8. សាកសពរបស់អ្នកទាំងពីរនឹងត្រូវទុកចោលនៅតាមទីផ្សារ ក្នុងក្រុងដ៏ធំនោះ ជាក្រុងដែលមានឈ្មោះជានិមិត្តរូប ថា “សូដុម” ឬ“អេស៊ីប” គឺនៅក្រុងនោះហើយដែលគេឆ្កាងព្រះអម្ចាស់របស់អ្នកទាំងពីរ។
9. មនុស្សម្នាពីចំណោមប្រជាជននានា ពីចំណោមកុលសម្ព័ន្ធ ពីចំណោមភាសា និងពីចំណោមជាតិសាសន៍ទាំងឡាយ នឹងឃើញសាកសពរបស់អ្នកទាំងពីរ ក្នុងរវាងបីថ្ងៃកន្លះ ហើយពួកគេមិនអនុញ្ញាតឲ្យយកសាកសពអ្នកទាំងពីរទៅបញ្ចុះក្នុងផ្នូរឡើយ។
10. មនុស្សម្នាដែលរស់នៅផែនដីនឹងមានចិត្តត្រេកអរ ដោយឃើញអ្នកទាំងពីរស្លាប់ គឺគេមានអំណរសប្បាយយ៉ាងខ្លាំង។ ពួកគេនឹងផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក ព្រោះព្យាការី*ទាំងពីររូបបានធ្វើឲ្យមនុស្សម្នាដែលរស់នៅលើផែនដីរងទុក្ខលំបាកខ្លាំងណាស់។
11. បីថ្ងៃកន្លះក្រោយមក មានដង្ហើមជីវិតមួយចេញពីព្រះជាម្ចាស់ មកចូលក្នុងសាកសពអ្នកទាំងពីរ។ អ្នកទាំងពីរក៏ក្រោកឈរឡើង ធ្វើឲ្យអស់អ្នកដែលបានឃើញភ័យខ្លាចជាខ្លាំង។
12. អ្នកទាំងពីរបានឮសំឡេងមួយពីលើមេឃ បន្លឺយ៉ាងខ្លាំងមកកាន់គេថា “សូមឡើងមកនេះ!”។ អ្នកទាំងពីរក៏ឡើងទៅលើមេឃ ក្នុងពពក* រីឯពួកសត្រូវក៏បានឃើញដែរ។