8. ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេ និងកូនប្រុសទាំងបីរបស់លោកទៀតថា៖
9. «យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ជាមួយពូជពង្សរបស់អ្នករាល់គ្នានៅជំនាន់ក្រោយ
10. ជាមួយសត្វមានជីវិតទាំងប៉ុន្មាន ដែលនៅជាមួយអ្នករាល់គ្នា មានបក្សាបក្សី សត្វស្រុក និងសត្វព្រៃទាំងអស់នៅលើផែនដី ពោលគឺសត្វទាំងប៉ុន្មានដែលចេញពីទូកធំ។
11. យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា គឺគ្មានសត្វលោកណាមួយត្រូវបាត់បង់ជីវិត ដោយសារទឹកជំនន់ធំទៀតឡើយ ហើយក៏លែងមានទឹកជំនន់ធំលិចបំផ្លាញផែនដីទៀតដែរ»។
12. ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ «នេះជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នករាល់គ្នា ព្រមទាំងអ្វីៗទាំងអស់ដែលមានជីវិត ហើយនៅជាមួយអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ
13. គឺយើងដាក់ឥន្ទធនូរបស់យើងនៅលើមេឃ ជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយផែនដី។
14. ពេលណាយើងប្រមូលពពកឲ្យមូលផ្ដុំគ្នាពីលើផែនដី ឥន្ទធនូក៏នឹងលេចចេញនៅលើមេឃដែរ។
15. ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយសត្វមានជីវិតទាំងអស់ ទឹកនឹងលែងជន់លិចបំផ្លាញសត្វលោកទាំងអស់ទៀតហើយ។
16. ឥន្ទធនូនឹងស្ថិតនៅលើមេឃ ពេលណាយើងមើលឥន្ទធនូ យើងនឹងនឹកដល់សម្ពន្ធមេត្រីដ៏នៅស្ថិតស្ថេរជាអង្វែងតរៀងទៅ ជាសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយសត្វលោកទាំងប៉ុន្មាន ដែលមានជីវិតរស់នៅលើផែនដី»។
17. ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «ឥន្ទធនូនេះជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយសត្វលោកទាំងអស់ នៅលើផែនដី»។
18. កូនប្រុសរបស់លោកណូអេដែលបានចេញពីទូកធំនោះ ឈ្មោះ សិម ហាំ និងយ៉ាផេត។ លោកហាំជាបុព្វបុរសរបស់ជនជាតិកាណាន។