12. ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ «នេះជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នករាល់គ្នា ព្រមទាំងអ្វីៗទាំងអស់ដែលមានជីវិត ហើយនៅជាមួយអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ
13. គឺយើងដាក់ឥន្ទធនូរបស់យើងនៅលើមេឃ ជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយផែនដី។
14. ពេលណាយើងប្រមូលពពកឲ្យមូលផ្ដុំគ្នាពីលើផែនដី ឥន្ទធនូក៏នឹងលេចចេញនៅលើមេឃដែរ។
15. ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយសត្វមានជីវិតទាំងអស់ ទឹកនឹងលែងជន់លិចបំផ្លាញសត្វលោកទាំងអស់ទៀតហើយ។
16. ឥន្ទធនូនឹងស្ថិតនៅលើមេឃ ពេលណាយើងមើលឥន្ទធនូ យើងនឹងនឹកដល់សម្ពន្ធមេត្រីដ៏នៅស្ថិតស្ថេរជាអង្វែងតរៀងទៅ ជាសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយសត្វលោកទាំងប៉ុន្មាន ដែលមានជីវិតរស់នៅលើផែនដី»។
17. ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «ឥន្ទធនូនេះជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយសត្វលោកទាំងអស់ នៅលើផែនដី»។
18. កូនប្រុសរបស់លោកណូអេដែលបានចេញពីទូកធំនោះ ឈ្មោះ សិម ហាំ និងយ៉ាផេត។ លោកហាំជាបុព្វបុរសរបស់ជនជាតិកាណាន។
19. កូនប្រុសទាំងបីរបស់លោកណូអេបានបង្កើតកូនចៅនៅពាសពេញលើផែនដីឡើងវិញ។
20. លោកណូអេបានភ្ជួររាស់ដី ដាំចម្ការទំពាំងបាយជូរ មុនគេបង្អស់។
21. លោកបានពិសាស្រាទំពាំងបាយជូរ ហើយស្រវឹង របូតខោអាវនៅក្នុងជំរំរបស់លោក។
22. លោកហាំដែលជាបុព្វបុរសរបស់ជនជាតិកាណាន បានឃើញឪពុកនៅខ្លួនទទេដូច្នេះ ក៏ទៅប្រាប់បងប្អូនពីរនាក់ទៀតដែលនៅខាងក្រៅ។
23. ពេលនោះ លោកសិម និងលោកយ៉ាផេត បានយកអាវធំរបស់ឪពុកមកដាក់លើស្មារបស់ខ្លួនទាំងពីរនាក់ ហើយនាំគ្នាដើរថយៗចូលទៅយកអាវគ្របពីលើឪពុក ដែលនៅខ្លួនទទេ។ ដោយអ្នកទាំងពីរបានបែរមុខចេញនោះ គេពុំបានឃើញឪពុកនៅខ្លួនទទេឡើយ។
24. ពេលលោកណូអេស្វាងស្រា ហើយដឹងអំពីហេតុការណ៍ដែលកូនពៅរបស់លោកធ្វើ
25. លោកក៏ពោលថា៖«កាណានត្រូវបណ្ដាសាហើយ!សូមឲ្យបងប្អូនរបស់វាប្រើវាទុកជាទាសករដ៏ថោកទាបជាងគេបំផុត!»។
26. លោកពោលទៀតថា៖«សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់សិមសូមឲ្យកាណានបានទៅជាទាសកររបស់សិមចុះ!
27. សូមព្រះជាម្ចាស់ប្រទានឲ្យយ៉ាផេតមានចិត្តទូលំទូលាយ ឲ្យគេបានស្នាក់នៅក្នុងជំរំរបស់សិម ហើយឲ្យកាណានបានទៅជាទាសកររបស់អ្នកទាំងពីរ»។