1. ព្រះជាម្ចាស់ប្រទានពរដល់លោកណូអេ ព្រមទាំងកូនប្រុសទាំងបីនាក់របស់លោក ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនឡើងយ៉ាងច្រើនពាសពេញផែនដីទៅ!
2. សត្វចតុប្បាទនៅលើផែនដី បក្សាបក្សីនៅលើមេឃ សត្វលូនវារលើដី និងត្រីនៅក្នុងទឹកទាំងប៉ុន្មាននឹងភ័យខ្លាចអ្នករាល់គ្នា។ យើងឲ្យអ្នករាល់គ្នាធ្វើជាម្ចាស់លើសត្វទាំងនោះ។
3. សត្វទាំងប៉ុន្មានដែលលូនវារ ហើយមានជីវិត នឹងបានទៅជាអាហារសម្រាប់អ្នករាល់គ្នា គឺយើងឲ្យអ្វីៗមកអ្នករាល់គ្នា ដូចយើងបានឲ្យធញ្ញជាតិដល់អ្នករាល់គ្នាដែរ។
4. ប៉ុន្តែ មិនត្រូវបរិភោគសត្វដែលនៅមានជីវិតឡើយ ពោលគឺមិនត្រូវបរិភោគសាច់ ដែលមានជាប់ឈាមរបស់វាជាដាច់ខាត។
5. ប្រសិនបើសត្វណាសម្លាប់អ្នករាល់គ្នា យើងនឹងឲ្យវាសងឈាមដែលជាជីវិតរបស់អ្នករាល់គ្នាពីសត្វនោះវិញ ដូចយើងឲ្យមនុស្សសងជីវិត នៅពេលណាដែលគេសម្លាប់មនុស្សដូចគ្នាដែរ។
6. អ្នកណាបង្ហូរឈាមមនុស្សអ្នកនោះមុខជាត្រូវមនុស្សបង្ហូរឈាមវិញមិនខាន។ដ្បិតព្រះជាម្ចាស់បានបង្កើតមនុស្សលោកមកជាតំណាងរបស់ព្រះអង្គ។
7. ចំពោះអ្នករាល់គ្នា ចូរបង្កើតកូនចៅឲ្យបានកើនចំនួនឡើងយ៉ាងច្រើនកុះករលើផែនដី ហើយឲ្យមានពាសពេញលើផែនដីចុះ»។
8. ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេ និងកូនប្រុសទាំងបីរបស់លោកទៀតថា៖
9. «យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ជាមួយពូជពង្សរបស់អ្នករាល់គ្នានៅជំនាន់ក្រោយ
10. ជាមួយសត្វមានជីវិតទាំងប៉ុន្មាន ដែលនៅជាមួយអ្នករាល់គ្នា មានបក្សាបក្សី សត្វស្រុក និងសត្វព្រៃទាំងអស់នៅលើផែនដី ពោលគឺសត្វទាំងប៉ុន្មានដែលចេញពីទូកធំ។
11. យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា គឺគ្មានសត្វលោកណាមួយត្រូវបាត់បង់ជីវិត ដោយសារទឹកជំនន់ធំទៀតឡើយ ហើយក៏លែងមានទឹកជំនន់ធំលិចបំផ្លាញផែនដីទៀតដែរ»។
12. ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ «នេះជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នករាល់គ្នា ព្រមទាំងអ្វីៗទាំងអស់ដែលមានជីវិត ហើយនៅជាមួយអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ
13. គឺយើងដាក់ឥន្ទធនូរបស់យើងនៅលើមេឃ ជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយផែនដី។
14. ពេលណាយើងប្រមូលពពកឲ្យមូលផ្ដុំគ្នាពីលើផែនដី ឥន្ទធនូក៏នឹងលេចចេញនៅលើមេឃដែរ។
15. ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយសត្វមានជីវិតទាំងអស់ ទឹកនឹងលែងជន់លិចបំផ្លាញសត្វលោកទាំងអស់ទៀតហើយ។
16. ឥន្ទធនូនឹងស្ថិតនៅលើមេឃ ពេលណាយើងមើលឥន្ទធនូ យើងនឹងនឹកដល់សម្ពន្ធមេត្រីដ៏នៅស្ថិតស្ថេរជាអង្វែងតរៀងទៅ ជាសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយសត្វលោកទាំងប៉ុន្មាន ដែលមានជីវិតរស់នៅលើផែនដី»។