8. មានសត្វទាំងឡាយពីចំណោមសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ ហើយពីចំណោមបក្សាបក្សី និងសត្វលូនវារនៅលើដី
9. ទាំងគូៗ មានឈ្មោល មានញីនាំគ្នាចូលមកក្នុងទូកធំជាមួយលោកណូអេ ដូចព្រះជាម្ចាស់បានបង្គាប់មកលោកណូអេ។
10. ប្រាំពីរថ្ងៃក្រោយមក ទឹកជំនន់ធំក៏ជន់ឡើងលិចផែនដី។
11. ឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយ ក្នុងខែទីពីរ ថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជម្រៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។
12. ភ្លៀងធ្លាក់មកលើផែនដីអស់រយៈពេលសែសិបថ្ងៃសែសិបយប់។
13. នៅថ្ងៃដដែលនោះ លោកណូអេ កូនប្រុសរបស់លោក គឺសិម ហាំ និងយ៉ាផេត ព្រមទាំងភរិយា និងកូនប្រសាស្រីទាំងបីរបស់លោកនាំគ្នាចូលទៅក្នុងទូកធំ។
14. សត្វព្រៃទាំងប៉ុន្មានតាមពូជរបស់វា សត្វស្រុកទាំងអស់តាមពូជរបស់វានីមួយៗ សត្វលូនវារទាំងប៉ុន្មាននៅលើដីតាមពូជរបស់វា បក្សាបក្សីទាំងប៉ុន្មានតាមពូជរបស់វា ព្រមទាំងសត្វទាំងអស់ដែលហើរ និងមានស្លាបក៏ចូលជាមួយដែរ។
15. សត្វមានជីវិតទាំងប៉ុន្មាននាំគ្នាទាំងគូៗ មករកលោកណូអេនៅក្នុងទូកធំ
16. គឺមានសត្វទាំងឈ្មោល ទាំងញី ពីគ្រប់ពូជ ចូលមកក្នុងទូកធំ ដូចព្រះជាម្ចាស់បានបង្គាប់មកលោកណូអេ រួចហើយព្រះអម្ចាស់ក៏បិទទ្វារទូកនោះទៅ។
17. ទឹកជំនន់ធំបានលិចផែនដី អស់រយៈពេលសែសិបថ្ងៃ។ ទឹកបានជន់ឡើង ហើយលើកទូកធំឲ្យអណ្ដែតឡើងផុតពីដី។