លោកុ‌ប្បត្តិ 7:4-13 Khmer Standard Version (KHSV)

4. ដ្បិត​ប្រាំ‌ពីរ​ថ្ងៃ​ទៀត យើង​នឹង​ធ្វើ​ឲ្យ​ភ្លៀង​បង្អុរ​ចុះ​មក​លើ​ផែនដី ក្នុង​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ហើយ​យើង​នឹង​លុប​បំបាត់​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្កើត​មក​ឲ្យ​អស់​ពី​ផែនដី»។

5. លោក​ណូអេ​បាន​ធ្វើ​តាម​សព្វ​គ្រប់​ទាំង​អស់ ដូច​ព្រះ‌អម្ចាស់​បង្គាប់។

6. នៅ​គ្រា​ទឹក​ជំនន់​ធំ​លិច​ផែនដី​នោះ លោក​ណូអេ​មាន​អាយុ​ប្រាំ​មួយ​រយ​ឆ្នាំ។

7. លោក​ណូអេ​បាន​ចូល​ទៅ​ក្នុង​ទូក​ជា​មួយ​កូន​ប្រុស​ទាំង​បី ភរិយា និង​កូន​ប្រសា​ស្រី​របស់​លោក ដើម្បី​ឲ្យ​បាន​រួច​ខ្លួន​ពី​ទឹក​ជំនន់​ធំ។

8. មាន​សត្វ​ទាំង‌ឡាយ​ពី​ចំណោម​សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ ហើយ​ពី​ចំណោម​បក្សា‌បក្សី និង​សត្វ​លូន​វារ​នៅ​លើ​ដី

9. ទាំង​គូៗ មាន​ឈ្មោល មាន​ញី​នាំ​គ្នា​ចូល​មក​ក្នុង​ទូក​ធំ​ជា​មួយ​លោក​ណូអេ ដូច​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​មក​លោក​ណូអេ។

10. ប្រាំ‌ពីរ​ថ្ងៃ​ក្រោយ​មក ទឹក​ជំនន់​ធំ​ក៏​ជន់​ឡើង​លិច​ផែនដី។

11. ឆ្នាំ​ដែល​លោក​ណូអេ​មាន​អាយុ​ប្រាំ​មួយ​រយ ក្នុង​ខែ​ទី​ពីរ ថ្ងៃ​ទី​ដប់​ប្រាំ‌ពីរ គឺ​នៅ​ថ្ងៃ​នោះ​ហើយ​ដែល​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​បាន​ផុស​ចេញ​ពី​ទី​ជម្រៅ​ទឹក​មក ហើយ​ទ្វារ​មេឃ​ក៏​បើក​ចំហ​ដែរ។

12. ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់។

13. នៅ​ថ្ងៃ​ដដែល​នោះ លោក​ណូអេ កូន​ប្រុស​របស់​លោក គឺ​សិម ហាំ និង​យ៉ាផេត ព្រម​ទាំង​ភរិយា និង​កូន​ប្រសា​ស្រី​ទាំង​បី​របស់​លោក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក​ធំ។

លោកុ‌ប្បត្តិ 7