1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «ចូរអ្នកចូលទៅក្នុងទូកធំជាមួយក្រុមគ្រួសារទាំងមូលរបស់អ្នកទៅ ដ្បិតយើងបានឃើញថា ក្នុងចំណោមមនុស្សជំនាន់នេះ មានតែអ្នកទេដែលសុចរិត។
2. ចូរនាំសត្វប្រាំពីរគូពីចំណោមសត្វទាំងប៉ុន្មានដែលបរិសុទ្ធមក គឺយកឈ្មោល និងញី ចំពោះសត្វមិនបរិសុទ្ធវិញ ចូរនាំតែមួយគូមក គឺឈ្មោល និងញី។
3. ត្រូវនាំបក្សាបក្សីដែលហើរនៅលើមេឃប្រាំពីរគូមកដែរ គឺយកឈ្មោល និងញី ដើម្បីរក្សាពូជវាទុកនៅលើផែនដីទាំងមូល
4. ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងធ្វើឲ្យភ្លៀងបង្អុរចុះមកលើផែនដី ក្នុងរយៈពេលសែសិបថ្ងៃសែសិបយប់ ហើយយើងនឹងលុបបំបាត់សត្វលោកទាំងប៉ុន្មាន ដែលយើងបានបង្កើតមកឲ្យអស់ពីផែនដី»។