13. ព្រះជាម្ចាស់ក៏មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «យើងបានសម្រេចចិត្តផ្ដាច់ជីវិតសត្វលោកទាំងអស់ ដ្បិតមនុស្សបានធ្វើឲ្យផែនដីពោរពេញដោយអំពើឃោរឃៅ។ ដូច្នេះ យើងនឹងលុបបំបាត់គេឲ្យវិនាសសូន្យទៅជាមួយផែនដី។
14. ចូរអ្នកយកស្រឡៅមកធ្វើទូកមួយយ៉ាងធំ ហើយចែកទូកធំនេះជាច្រើនបន្ទប់ ព្រមទាំងយកជ័រមកលាបភ្ជិតទាំងក្នុងទាំងក្រៅផង។
15. អ្នកត្រូវធ្វើដូចតទៅនេះ: ទូកធំនោះមានបណ្ដោយបីរយហត្ថ ទទឹងហាសិបហត្ថ និងកំពស់សាមសិបហត្ថ។
16. អ្នកត្រូវធ្វើដំបូលមួយដាក់ភ្ជាប់ពីលើទូក កំពស់មួយហត្ថ។ ត្រូវដាក់ទ្វារទូកនៅពីខាង ហើយធ្វើទូកនោះជាជាន់ គឺមានជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី។