10. លោកណូអេបានបង្កើតកូនប្រុសបីនាក់ឈ្មោះសិម ហាំ និងយ៉ាផេត។
11. គ្រានោះ មនុស្សលោកនៅលើផែនដីប្រែជាអាក្រក់ខិលខូចអស់ ហើយពោរពេញដោយអំពើឃោរឃៅទៀតផង។
12. ព្រះជាម្ចាស់ទតឃើញថាផែនដីអាក្រក់ខូចអស់ ដ្បិតមនុស្សលោកទាំងប៉ុន្មាននៅលើផែនដី សុទ្ធតែមានកិរិយាមារយាទខិលខូចអាក្រក់។
13. ព្រះជាម្ចាស់ក៏មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «យើងបានសម្រេចចិត្តផ្ដាច់ជីវិតសត្វលោកទាំងអស់ ដ្បិតមនុស្សបានធ្វើឲ្យផែនដីពោរពេញដោយអំពើឃោរឃៅ។ ដូច្នេះ យើងនឹងលុបបំបាត់គេឲ្យវិនាសសូន្យទៅជាមួយផែនដី។
14. ចូរអ្នកយកស្រឡៅមកធ្វើទូកមួយយ៉ាងធំ ហើយចែកទូកធំនេះជាច្រើនបន្ទប់ ព្រមទាំងយកជ័រមកលាបភ្ជិតទាំងក្នុងទាំងក្រៅផង។
15. អ្នកត្រូវធ្វើដូចតទៅនេះ: ទូកធំនោះមានបណ្ដោយបីរយហត្ថ ទទឹងហាសិបហត្ថ និងកំពស់សាមសិបហត្ថ។
16. អ្នកត្រូវធ្វើដំបូលមួយដាក់ភ្ជាប់ពីលើទូក កំពស់មួយហត្ថ។ ត្រូវដាក់ទ្វារទូកនៅពីខាង ហើយធ្វើទូកនោះជាជាន់ គឺមានជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី។
17. រីឯយើងវិញ យើងនឹងធ្វើឲ្យទឹកជន់លិចផែនដី ដើម្បីបំផ្លាញសត្វលោកទាំងអស់ ដែលមានដង្ហើមជីវិតនៅក្រោមមេឃ។ អ្វីៗទាំងអស់នៅលើផែនដីនឹងត្រូវវិនាសសូន្យ
18. ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រី*ជាមួយអ្នក អ្នកនឹងចូលទៅក្នុងទូកធំជាមួយកូនប្រុសទាំងបី ប្រពន្ធ និងកូនប្រសាស្រីរបស់អ្នក។
19. អ្នកក៏ត្រូវនាំយកសត្វមួយគូៗពីបណ្ដាសត្វទាំងអស់ ចូលទៅក្នុងទូកធំ ដើម្បីឲ្យវាបានរួចជីវិតរួមជាមួយអ្នកដែរ គឺត្រូវយកឈ្មោលមួយញីមួយ។