1. មនុស្សលោកចាប់ផ្ដើមកើនចំនួនកាន់តែច្រើនឡើងពាសពេញលើផែនដី ហើយគេក៏បង្កើតកូនស្រីៗ។
2. កូនប្រុសៗរបស់ព្រះជាម្ចាស់ឃើញថាកូនស្រីៗរបស់មនុស្សមានរូបឆោមល្អស្អាត គេក៏នាំគ្នាជ្រើសរើសប្រពន្ធពីចំណោមស្ត្រីៗទាំងនោះ។
3. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេគ្រាន់តែជាមនុស្សលោកីយ៍ ដូច្នេះ អាយុជីវិតគេនឹងត្រូវកម្រិតមកនៅត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។
4. សម័យនោះ មានមនុស្សមាឌធំៗរស់នៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ។ អ្នកទាំងនោះកើតនៅជំនាន់ដែលកូនប្រុសៗរបស់ព្រះជាម្ចាស់ នាំគ្នាមកយកកូនស្រីៗរបស់មនុស្សធ្វើជាប្រពន្ធ គឺអ្នកទាំងនោះហើយដែលជាវីរជនដ៏មានឈ្មោះល្បីនៅសម័យបុរាណ។
5. ព្រះអម្ចាស់ទតឃើញថា មនុស្សលោកនាំគ្នាប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ នៅលើផែនដី ហើយពីព្រឹកដល់ល្ងាច ចិត្តរបស់គេចេះតែលំអៀងទៅប្រព្រឹត្តអំពើអាក្រក់។
6. ព្រះអម្ចាស់នឹកស្ដាយដោយបានបង្កើតមនុស្សមកលើផែនដីនេះ ហើយព្រះអង្គព្រួយព្រះហឫទ័យ។
7. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សលោក ដែលយើងបានបង្កើតមកឲ្យអស់ពីផែនដី គឺចាប់តាំងពីមនុស្សរហូតដល់សត្វស្រុក ចាប់តាំងពីសត្វលូនវារ រហូតដល់សត្វដែលហើរនៅលើមេឃ ដ្បិតយើងស្ដាយដោយបានបង្កើតគេមក»។
8. ប៉ុន្តែ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងលោកណូអេ។
9. នេះជាដំណើររឿងក្រុមគ្រួសាររបស់លោកណូអេ។ លោកណូអេជាមនុស្សសុចរិត ទៀងត្រង់ នៅក្នុងចំណោមអស់អ្នកដែលរស់នៅជំនាន់លោក។ លោកបានដើរតាមមាគ៌ារបស់ព្រះជាម្ចាស់។
10. លោកណូអេបានបង្កើតកូនប្រុសបីនាក់ឈ្មោះសិម ហាំ និងយ៉ាផេត។
11. គ្រានោះ មនុស្សលោកនៅលើផែនដីប្រែជាអាក្រក់ខិលខូចអស់ ហើយពោរពេញដោយអំពើឃោរឃៅទៀតផង។
12. ព្រះជាម្ចាស់ទតឃើញថាផែនដីអាក្រក់ខូចអស់ ដ្បិតមនុស្សលោកទាំងប៉ុន្មាននៅលើផែនដី សុទ្ធតែមានកិរិយាមារយាទខិលខូចអាក្រក់។
13. ព្រះជាម្ចាស់ក៏មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «យើងបានសម្រេចចិត្តផ្ដាច់ជីវិតសត្វលោកទាំងអស់ ដ្បិតមនុស្សបានធ្វើឲ្យផែនដីពោរពេញដោយអំពើឃោរឃៅ។ ដូច្នេះ យើងនឹងលុបបំបាត់គេឲ្យវិនាសសូន្យទៅជាមួយផែនដី។
14. ចូរអ្នកយកស្រឡៅមកធ្វើទូកមួយយ៉ាងធំ ហើយចែកទូកធំនេះជាច្រើនបន្ទប់ ព្រមទាំងយកជ័រមកលាបភ្ជិតទាំងក្នុងទាំងក្រៅផង។
15. អ្នកត្រូវធ្វើដូចតទៅនេះ: ទូកធំនោះមានបណ្ដោយបីរយហត្ថ ទទឹងហាសិបហត្ថ និងកំពស់សាមសិបហត្ថ។
16. អ្នកត្រូវធ្វើដំបូលមួយដាក់ភ្ជាប់ពីលើទូក កំពស់មួយហត្ថ។ ត្រូវដាក់ទ្វារទូកនៅពីខាង ហើយធ្វើទូកនោះជាជាន់ គឺមានជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី។
17. រីឯយើងវិញ យើងនឹងធ្វើឲ្យទឹកជន់លិចផែនដី ដើម្បីបំផ្លាញសត្វលោកទាំងអស់ ដែលមានដង្ហើមជីវិតនៅក្រោមមេឃ។ អ្វីៗទាំងអស់នៅលើផែនដីនឹងត្រូវវិនាសសូន្យ
18. ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រី*ជាមួយអ្នក អ្នកនឹងចូលទៅក្នុងទូកធំជាមួយកូនប្រុសទាំងបី ប្រពន្ធ និងកូនប្រសាស្រីរបស់អ្នក។