លោកុ‌ប្បត្តិ 50:14-18 Khmer Standard Version (KHSV)

14. ក្រោយ​ពី​បាន​បញ្ចុះ​សព​ឪពុក​រួច​ហើយ លោក​យ៉ូសែប​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ​ជា​មួយ​បង‌ប្អូន និង​អស់​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក​លោក។

15. កាល​បងៗ​របស់​លោក​យ៉ូសែប​ឃើញ​ឪពុក​របស់​គេ​ទទួល​មរណ‌ភាព​ហើយ គេ​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​យ៉ូសែប​ស្អប់​យើង ព្រម​ទាំង​សង‌សឹក​នឹង​អំពើ​អាក្រក់ ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​គេ​ហើយ​មើល​ទៅ!»។

16. ដូច្នេះ បង‌ប្អូន​បាន​ឲ្យ​គេ​ជម្រាប​លោក​យ៉ូសែប​ដូច​ត​ទៅ៖ «មុន​នឹង​ទទួល​មរណ‌ភាព ឪពុក​យើង​បាន​ផ្ដាំ​ថា:

17. ចូរ​កូនៗ​ប្រាប់​យ៉ូសែប​ថា “កូន​អើយ ចូរ​អត់‌ទោស​ឲ្យ​បងៗ​របស់​កូន ចំពោះ​អំពើ​អាក្រក់ និង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ផង។ បងៗ​បាន​ធ្វើ​បាប​កូន​យ៉ាង​ខ្លាំង​មែន” តែ​ឥឡូវ​នេះ សូម​កូន​មេត្តា​អត់‌ទោស​ឲ្យ​គេ ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ ដែល​ពុក​គោរព​នោះ​ផង​ទៅ!»។ លោក​យ៉ូសែប​ឮ​ដូច្នេះ លោក​ក៏​យំ។

18. បងៗ​របស់​លោក​នាំ​គ្នា​មក​ជួប​លោក​ផ្ទាល់ ពួក​គេ​ក្រាប​នៅ​ទៀប​ជើង​លោក ហើយ​ពោល​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​លោក​ប្អូន»។

លោកុ‌ប្បត្តិ 50