1. លោកយ៉ូសែបឱបឪពុក ហើយយំសម្រក់ទឹកភ្នែកលើមុខឪពុក ព្រមទាំងថើបលោកទៀតផង។
2. បន្ទាប់មក លោកយ៉ូសែបបញ្ជាឲ្យគ្រូពេទ្យ ដែលនៅបម្រើលោក អប់សពឪពុក។ គ្រូពេទ្យក៏នាំគ្នាអប់សពលោកអ៊ីស្រាអែល។
3. គេត្រូវចំណាយពេលទាំងអស់សែសិបថ្ងៃ ដើម្បីធ្វើពិធីអប់សព។ ជនជាតិអេស៊ីបនាំគ្នាកាន់ទុក្ខលោកយ៉ាកុប អស់រយៈពេលចិតសិបថ្ងៃ។
4. លុះផុតកំណត់ពេលកាន់ទុក្ខហើយ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់ក្រុមមន្ត្រីរបស់ព្រះចៅផារ៉ោនថា៖ «ប្រសិនបើអស់លោកយល់អធ្យាស្រ័យដល់ខ្ញុំមែន សូមយកពាក្យខ្ញុំទៅទូលថ្វាយព្រះករុណាដូចតទៅនេះ:
5. ឪពុកទូលបង្គំបានសុំឲ្យទូលបង្គំស្បថថា “ពុកជិតស្លាប់ហើយ! កាលណាពុកស្លាប់ កូនត្រូវបញ្ចុះសពពុកក្នុងផ្នូរ ដែលពុកបានរៀបចំទុកនៅស្រុកកាណាន”។ ដូច្នេះ ទូលបង្គំសូមអនុញ្ញាតធ្វើដំណើរទៅបញ្ចុះសពឪពុក រួចហើយទូលបង្គំវិលត្រឡប់មកវិញ»។
6. ព្រះចៅផារ៉ោនមានរាជឱង្ការតបមកវិញថា៖ «សុំលោកអញ្ជើញទៅបញ្ចុះសពឪពុករបស់លោក ដូចលោកបានស្បថជាមួយគាត់ចុះ»។
7. លោកយ៉ូសែបក៏ធ្វើដំណើរទៅបញ្ចុះសពឪពុក ដោយមានក្រុមមន្ត្រីរបស់ព្រះចៅផារ៉ោន ក្រុមព្រឹទ្ធាចារ្យនៃរាជវាំង និងចាស់ទុំទាំងប៉ុន្មាននៅស្រុកអេស៊ីប ហែហមទៅជាមួយផង។
8. ក្រុមគ្រួសាររបស់លោកយ៉ូសែបទាំងមូល បងប្អូន និងញាតិសន្ដានឪពុករបស់លោកទាំងអស់ បានរួមដំណើរទៅជាមួយដែរ គឺទុកតែកូនចៅ និងហ្វូងចៀម ហ្វូងគោ ឲ្យនៅតំបន់កូសែន។
9. មានរទេះ មានទ័ពសេះ ធ្វើដំណើរទៅជាមួយលោកយ៉ូសែបដែរ ធ្វើឲ្យក្បួនដង្ហែសពនោះអធិកអធមក្រៃលែង។
10. លុះមកដល់កន្លែងមួយឈ្មោះអថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏បានធ្វើពិធីបុណ្យបញ្ចុះសពយ៉ាងមហោឡារិកបំផុត។ លោកយ៉ូសែបរំឭកគុណឪពុក ដោយកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។