2. កូនចៅរបស់យ៉ាកុបអើយចូរមកជួបជុំគ្នា ហើយស្ដាប់!ចូរស្ដាប់អ៊ីស្រាអែលជាឪពុក
3. រូបេនជាកូនច្បងរបស់ពុកកូនជាផលនៃកម្លាំងរបស់ពុកហើយពុកបានបង្កើតកូនមកមុនគេក្នុងកាលដែលពុកនៅពេញកម្លាំងនៅឡើយ។កូនមានកិត្តិយស និងអំណាចច្រើនជាងគេ។
4. កូនប្រៀបបីដូចជាទឹកហូរយ៉ាងខ្លាំងតែកូនមិនអាចធ្វើជាមេគេបានទេព្រោះកូនបានបង្អាប់កិត្តិយសពុកដោយលួចរួមដំណេកជាមួយប្រពន្ធរបស់ពុក។
5. ស៊ីម្មាន និងលេវីជាបងប្អូននឹងគ្នាគេរួមគំនិតគ្នា ប្រព្រឹត្តអំពើឃោរឃៅ
6. ពុកមិនព្រមរួមចំណែកក្នុងការឃុបឃិតរបស់គេទេ។ពុកក៏មិនព្រមចូលរួមប្រជុំជាមួយគេដែរដ្បិតពេលមានកំហឹង គេបានសម្លាប់មនុស្សហើយពេលចង់សប្បាយគេកាត់ជើងគោលេង។
7. ពុកដាក់បណ្ដាសាកំហឹងរបស់គេព្រោះកំហឹងនេះកាចសាហាវណាស់ហើយពេលគេក្ដៅក្រហាយគេគ្មានចិត្តត្រាប្រណីទាល់តែសោះ!ពុកនឹងបំបែកអ្នកទាំងពីរក្នុងពូជពង្សយ៉ាកុបពុកនឹងកំចាត់កំចាយគេក្នុងស្រុកអ៊ីស្រាអែល។
8. យូដាអើយ បងប្អូនកូននឹងលើកតម្កើងកូនឡើងកូននឹងមានអំណាចបង្ក្រាបខ្មាំងសត្រូវរបស់កូនបងប្អូនបង្កើតរបស់កូននឹងក្រាបថ្វាយបង្គំកូន។
9. យូដាកូនអើយ កូនប្រៀបបាននឹងសត្វសិង្ហស្ទាវ ដែលវិលមកពីចាប់សត្វស៊ីពេលសិង្ហស្ទាវនេះក្រាបក្ដី ដេកក្ដីវាមានឫទ្ធិដូចសិង្ហឈ្មោល និងសិង្ហញីគ្មាននរណាហ៊ានដាស់ទេ។
10. ព្រះខ័នរាជ្យនឹងមិនចាកចេញពីយូដាឡើយពូជពង្សយូដានឹងគ្រងរាជ្យជានិច្ចរហូតទាល់តែព្រះមហាក្សត្រដែលជាម្ចាស់នៃព្រះខ័នរាជ្យនេះយាងមកដល់ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងព្រះអង្គ។
11. ព្រះអង្គចងលារបស់ព្រះអង្គជាប់នឹងដើមទំពាំងបាយជូរហើយចងកូនលាជាប់នឹងមែកវា។ព្រះអង្គលាងព្រះពស្ដ្ររបស់ព្រះអង្គក្នុងស្រាទំពាំងបាយជូរហើយលាងព្រះភូសារបស់ព្រះអង្គក្នុងទឹកទំពាំងបាយជូរ។
12. ព្រះនេត្ររបស់ព្រះអង្គក្រហមជាងស្រាទំពាំងបាយជូរហើយព្រះទន្តរបស់ព្រះអង្គសជាងទឹកដោះគោទៅទៀត។
13. សាប់យូឡូននឹងរស់នៅតាមឆ្នេរសមុទ្រព្រមទាំងនាវាចតនៅតាមកំពង់ផែព្រំប្រទល់របស់សាប់យូឡូនលាតសន្ធឹងរហូតទៅដល់ក្រុងស៊ីដូន។
14. អ៊ីសាខារប្រៀបដូចជាសត្វលាដ៏មាំដេកនៅក្នុងក្រោលដែលមានជញ្ជាំងពីរ។
15. អ៊ីសាខារយល់ឃើញថាកន្លែងដែលខ្លួនសម្រាកនោះជាកន្លែងល្អហើយស្រុកនោះក៏ស្រួលរស់នៅផងដូច្នេះ អ៊ីសាខារក៏អោនខ្លួនឲ្យគេដាក់កែបផ្ទុករបស់របរពីលើនិងឲ្យគេប្រើដូចទាសករផង។
16. ដាន់គ្រប់គ្រងលើប្រជាជនរបស់ខ្លួនក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល
17. ដាន់ប្រៀបបាននឹងពស់ដែលលូននៅតាមផ្លូវដូចពស់វែកនៅតាមផ្លូវលំដែលចាំតែចឹកកែងជើងសេះបណ្ដាលឲ្យអ្នកជិះដាច់ផ្ងារធ្លាក់ចុះមកក្រោម។
18. ឱព្រះអម្ចាស់អើយទូលបង្គំសង្ឃឹមថាព្រះអង្គនឹងសង្គ្រោះទូលបង្គំ!
19. កាដត្រូវកងទ័ពមួយមកវាយសម្រុកតែកាដនឹងវាយកងទ័ពនោះពីក្រោយខ្នងវិញ។