9. លោកយ៉ូសែបឆ្លើយថា៖ «នេះជាកូនៗដែលព្រះជាម្ចាស់ប្រទានមកកូន នៅស្រុកនេះ»។ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ចូរកូននាំវាចូលមកជិតពុកមក៍ ពុកនឹងឲ្យពរវា»។
10. ពេលនោះ ភ្នែករបស់លោកអ៊ីស្រាអែលចុះអន់ថយ ព្រោះលោកចាស់ហើយ មើលអ្វីពុំឃើញទៀតទេ។ លោកយ៉ូសែបនាំកូនចូលទៅជិតឪពុក លោកអ៊ីស្រាអែលក៏ឱបថើបចៅ។
11. លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «កាលពីមុន ពុកគ្មានសង្ឃឹមថានឹងឃើញមុខកូនទៀតទេ។ ក៏ប៉ុន្តែ ឥឡូវនេះ ព្រះជាម្ចាស់បានប្រោសឲ្យពុកឃើញពូជពង្សរបស់កូនថែមទៀត!»។
12. លោកយ៉ូសែបបានយកកូនៗចេញពីភ្លៅឪពុក រួចលោកក្រាបចុះ អោនមុខដល់ដី។
13. បន្ទាប់មក លោកយ៉ូសែបនាំកូនទាំងពីរចូលមកជិតឪពុក លោកកាន់អេប្រាអ៊ីមនៅដៃស្ដាំ គឺឲ្យនៅខាងឆ្វេងលោកអ៊ីស្រាអែល និងកាន់ម៉ាណាសេនៅដៃឆ្វេង គឺនៅខាងស្ដាំលោកអ៊ីស្រាអែល។
14. លោកអ៊ីស្រាអែលបានខ្វែងដៃ គឺលោកដាក់ដៃស្ដាំលើក្បាលអេប្រាអ៊ីមជាប្អូន និងដាក់ដៃឆ្វេងលើក្បាលម៉ាណាសេជាកូនច្បង
15. រួចលោកឲ្យពរលោកយ៉ូសែបថា៖«សូមព្រះជាម្ចាស់ដែលលោកអប្រាហាំនិងលោកអ៊ីសាកធ្លាប់គោរពបម្រើសូមព្រះជាម្ចាស់ដែលថែរក្សាពុកតាំងពីពុកកើតមក រហូតដល់សព្វថ្ងៃ
16. សូមទេវតា ដែលបានរំដោះពុកឲ្យរួចផុតពីគ្រោះថ្នាក់គ្រប់យ៉ាងប្រទានពរកូនប្រុសទាំងពីរ!សូមឲ្យគេរំឭកឈ្មោះពុកឈ្មោះរបស់លោកអប្រាហាំជាជីតានិងឈ្មោះរបស់លោកអ៊ីសាកជាឪពុករបស់ពុកតាមរយៈកូនទាំងពីរ។សូមឲ្យកូនទាំងពីរមានកូនចៅជាច្រើនអនេកនៅក្នុងស្រុកនេះ!»។
17. លោកយ៉ូសែបឃើញឪពុកដាក់ដៃស្ដាំលើក្បាលអេប្រាអ៊ីមដូច្នេះ លោកមិនពេញចិត្តទេ។ លោកទាញដៃឪពុកចេញពីក្បាលអេប្រាអ៊ីម យកទៅដាក់លើក្បាលរបស់ម៉ាណាសេ។
18. លោកយ៉ូសែបជម្រាបឪពុកថា៖ «មិនមែនដូច្នេះទេពុក កូនបងនៅខាងនេះ សូមដាក់ដៃស្ដាំលើក្បាលវាឯណេះវិញ»។
19. ប៉ុន្តែ ឪពុកលោកប្រកែកថា៖ «ពុកដឹងហើយកូន ពុកដឹងហើយថាម៉ាណាសេជាកូនច្បង វាក៏នឹងបានទៅជាប្រជាជាតិមួយដ៏ធំដែរ។ ប៉ុន្តែ ប្អូនរបស់វានឹងបានទៅជាប្រជាជាតិមួយធំជាងវាទៅទៀត។ ពូជពង្សរបស់អេប្រាអ៊ីមនឹងទៅបានជាប្រជាជាតិដ៏ធំ»។
20. នៅថ្ងៃនោះ លោកអ៊ីស្រាអែលឲ្យពរកូនទាំងពីរនាក់ថា៖ «ជនជាតិអ៊ីស្រាអែលនឹងយកឈ្មោះកូនទាំងពីរទៅឲ្យពរគ្នាថា: សូមព្រះជាម្ចាស់ប្រោសប្រទានឲ្យអ្នកបានចម្រុងចម្រើន ដូចអេប្រាអ៊ីម និងម៉ាណាសេ!»។ លោកអ៊ីស្រាអែលហៅឈ្មោះអេប្រាអ៊ីមមុនម៉ាណាសេ។
21. លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «មើល៍ ពុកជិតលាចាកលោកនេះហើយ! ប៉ុន្តែ ព្រះជាម្ចាស់គង់នៅជាមួយកូនៗទាំងអស់គ្នា ព្រះអង្គក៏នឹងនាំកូនៗវិលត្រឡប់ទៅស្រុករបស់ដូនតាកូនវិញដែរ។
22. ពុកឲ្យតំបន់ស៊ីគែមដល់កូន គឺមួយចំណែកលើសបងប្អូនរបស់កូន ជាដីដែលពុកបានរឹបយកពីជនជាតិអាម៉ូរី ដោយដាវ និងធ្នូរបស់ពុកផ្ទាល់»។