9. លោកយ៉ាកុបទូលព្រះរាជាវិញថា៖ «ទូលបង្គំបានធ្វើដំណើរឆ្លងកាត់ជីវិតនេះ អស់រយៈពេលមួយរយសាមសិបឆ្នាំហើយ។ អាយុទូលបង្គំមិនវែងទេ ហើយក៏ជួបនឹងទុក្ខលំបាកជាច្រើនផង គឺទូលបង្គំរស់មិនបានយូរដូចបុព្វបុរសរបស់ទូលបង្គំ ដែលបានធ្វើដំណើរឆ្លងកាត់ជីវិតនេះឡើយ»។
10. លោកយ៉ាកុបថ្វាយពរព្រះចៅផារ៉ោនសាជាថ្មី រួចចាកចេញពីព្រះរាជាទៅ។
11. លោកយ៉ូសែបបានប្រគល់ដីមួយកន្លែងដ៏ល្អជាងគេនៅស្រុកអេស៊ីបឲ្យឪពុក និងបងប្អូនរបស់លោកតាំងទីលំនៅ គឺនៅតំបន់រ៉ាមសេស ស្របតាមរាជបញ្ជារបស់ព្រះចៅផារ៉ោន។
12. លោកយ៉ូសែបបានផ្គត់ផ្គង់ឪពុក និងបងប្អូនរបស់លោក ព្រមទាំងក្រុមគ្រួសារទាំងមូល តាមចំនួនកូនចៅនៅក្នុងបន្ទុករបស់ពួកគេ។
13. ទុរ្ភិក្សកើតមានកាន់តែខ្លាំង ធ្វើឲ្យគ្មានស្បៀងអាហារបរិភោគ ក្នុងស្រុកទាំងមូល។ ស្រុកកាណាន និងស្រុកអេស៊ីបត្រូវហិនហោច ព្រោះតែទុរ្ភិក្សនេះ។