18. លុះឆ្នាំនោះកន្លងផុតទៅ នៅឆ្នាំបន្ទាប់ ពួកគេមករកលោកម្ដងទៀត ពោលថា៖ «យើងខ្ញុំសូមជម្រាបលោកម្ចាស់តាមត្រង់ថា យើងខ្ញុំអស់ប្រាក់ហើយ រីឯហ្វូងសត្វក៏យើងខ្ញុំបានយកមកជូនលោកម្ចាស់អស់ដែរ យើងខ្ញុំគ្មានសល់អ្វីក្រៅពីខ្លួនប្រាណ និងដីធ្លី ជូនលោកម្ចាស់ប៉ុណ្ណោះ។
19. មិនត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខលោកម្ចាស់ឡើយ។ បើអត់ពីយើងខ្ញុំ ដីធ្លីរបស់យើងខ្ញុំក៏គ្មានប្រយោជន៍អ្វីដែរ។ ដូច្នេះ សូមលោកម្ចាស់ទិញទាំងយើងខ្ញុំ ទាំងដីធ្លីរបស់យើងខ្ញុំ ជាថ្នូរនឹងស្បៀងអាហារទៅ។ យើងខ្ញុំនឹងទៅជាទាសកររបស់ព្រះចៅផារ៉ោន ហើយដីធ្លីរបស់យើងខ្ញុំក៏ទៅជាកម្មសិទ្ធិរបស់ស្ដេចដែរ។ សូមលោកម្ចាស់ផ្ដល់ពូជស្រូវឲ្យយើងខ្ញុំសាបព្រោះ ដើម្បីឲ្យយើងខ្ញុំបានរួចជីវិតផុតពីសេចក្ដីស្លាប់ កុំឲ្យដីធ្លីរបស់យើងក្លាយទៅជាទីរហោស្ថាន»។
20. លោកយ៉ូសែបបានទិញដីទាំងអស់នៅស្រុកអេស៊ីប ថ្វាយព្រះចៅផារ៉ោន ដ្បិតជនជាតិអេស៊ីបនាំគ្នាលក់ដីរបស់គេរៀងៗខ្លួន ព្រោះតែទុរ្ភិក្សកើតមានរឹតតែខ្លាំងឡើងៗដូច្នេះ ស្រុកទាំងមូលក៏បានទៅជាកម្មសិទ្ធិរបស់ព្រះចៅផារ៉ោន។
21. លោកយ៉ូសែបបានជន្លៀសប្រជាជនពីក្រុងមួយ ទៅក្រុងមួយទៀតក្នុងស្រុកអេស៊ីប។
22. រីឯពួកបូជាចារ្យវិញ លោកយ៉ូសែបពុំបានទិញដីធ្លីរបស់ពួកគេទេ ព្រោះព្រះចៅផារ៉ោនមានចេញព្រះរាជក្រឹត្យមួយ ការពារពួកបូជាចារ្យទាំងនោះ។ ពួកគេទទួលស្បៀងអាហារពីស្ដេច ដូច្នេះ ពួកគេមិនបាច់លក់ដីធ្លីឡើយ។
23. លោកយ៉ូសែបមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ថ្ងៃនេះ ខ្ញុំបានទិញ ទាំងអ្នករាល់គ្នា ទាំងដីធ្លីរបស់អ្នករាល់គ្នា ថ្វាយព្រះចៅផារ៉ោនហើយ។ ខ្ញុំនឹងផ្ដល់ពូជឲ្យអ្នករាល់គ្នាយកទៅសាបព្រោះ។
24. លុះដល់ពេលប្រមូលភោគផល អ្នករាល់គ្នាត្រូវយកមួយភាគប្រាំទៅថ្វាយព្រះចៅផារ៉ោន ហើយអ្នករាល់គ្នាទុកបួនភាគប្រាំទៀតសម្រាប់ធ្វើពូជ និងសម្រាប់អ្នករាល់គ្នា ព្រមទាំងកូនចៅ និងអស់អ្នកដែលនៅជាមួយបរិភោគ»។
25. ប្រជាជននាំគ្នាពោលថា៖ «លោកម្ចាស់បានសង្គ្រោះអាយុជីវិតយើងខ្ញុំ! សូមលោកម្ចាស់យល់អធ្យាស្រ័យដល់យើងខ្ញុំផង យើងខ្ញុំសុខចិត្តធ្វើជាទាសកររបស់ព្រះចៅផារ៉ោនហើយ»។
26. លោកយ៉ូសែបបានចេញក្រឹត្យមួយ ដែលគេរក្សាទុករហូតមកទល់សព្វថ្ងៃ គឺត្រូវយកភោគផលពីដីស្រុកអេស៊ីបមួយភាគប្រាំ មកថ្វាយព្រះចៅផារ៉ោន មានតែដីរបស់បូជាចារ្យប៉ុណ្ណោះ ដែលមិនមែនជាកម្មសិទ្ធិរបស់ព្រះចៅផារ៉ោន។
27. ជនជាតិអ៊ីស្រាអែលរស់នៅស្រុកអេស៊ីប ក្នុងតំបន់កូសែន។ គេបានដីនោះជាកម្មសិទ្ធិ ហើយបង្កើតកូនចៅ និងកើនចំនួនឡើងជាច្រើន។
28. លោកយ៉ាកុបរស់នៅស្រុកអេស៊ីប អស់រយៈពេលដប់ប្រាំពីរឆ្នាំ។ លោករស់បានទាំងអស់មួយរយសែសិបប្រាំពីរឆ្នាំ។
29. ពេលលោកអ៊ីស្រាអែលជិតទទួលមរណភាព លោកបានហៅលោកយ៉ូសែបជាកូនមកផ្ដាំថា៖ «ប្រសិនបើកូនអាណិតពុកមែន ចូរដាក់ដៃនៅក្រោមភ្លៅពុក ហើយសម្តែងចិត្តសប្បុរស និងស្មោះត្រង់ចំពោះពុក ដូចតទៅនេះ គឺមិនត្រូវបញ្ចុះសពពុកនៅស្រុកអេស៊ីបឡើយ!
30. ពេលពុកលាចាកលោកនេះទៅជួបជុំនឹងដូនតាពុកវិញ កូនត្រូវដឹកពុកចេញពីស្រុកអេស៊ីប ហើយយកសពពុកទៅបញ្ចុះនៅក្នុងផ្នូរដូនតារបស់យើង»។ លោកយ៉ូសែបឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យលោកឪពុក»។