10. លោកយ៉ាកុបថ្វាយពរព្រះចៅផារ៉ោនសាជាថ្មី រួចចាកចេញពីព្រះរាជាទៅ។
11. លោកយ៉ូសែបបានប្រគល់ដីមួយកន្លែងដ៏ល្អជាងគេនៅស្រុកអេស៊ីបឲ្យឪពុក និងបងប្អូនរបស់លោកតាំងទីលំនៅ គឺនៅតំបន់រ៉ាមសេស ស្របតាមរាជបញ្ជារបស់ព្រះចៅផារ៉ោន។
12. លោកយ៉ូសែបបានផ្គត់ផ្គង់ឪពុក និងបងប្អូនរបស់លោក ព្រមទាំងក្រុមគ្រួសារទាំងមូល តាមចំនួនកូនចៅនៅក្នុងបន្ទុករបស់ពួកគេ។
13. ទុរ្ភិក្សកើតមានកាន់តែខ្លាំង ធ្វើឲ្យគ្មានស្បៀងអាហារបរិភោគ ក្នុងស្រុកទាំងមូល។ ស្រុកកាណាន និងស្រុកអេស៊ីបត្រូវហិនហោច ព្រោះតែទុរ្ភិក្សនេះ។
14. លោកយ៉ូសែបបានលក់ស្រូវឲ្យប្រជាជន ហើយប្រមូលប្រាក់ទាំងប៉ុន្មាននៅស្រុកអេស៊ីប និងស្រុកកាណាន បញ្ចូលទៅក្នុងឃ្លាំងរបស់ព្រះចៅផារ៉ោន។
15. ពេលស្រុកអេស៊ីប និងស្រុកកាណានអស់ប្រាក់ទិញស្រូវហើយ ប្រជាជនអេស៊ីបទាំងអស់នាំគ្នាមកជួបលោកយ៉ូសែប ពោលថា៖ «សូមផ្ដល់ស្បៀងអាហារឲ្យយើងខ្ញុំផង! មិនត្រូវឲ្យយើងស្លាប់នៅមុខលោក ព្រោះតែគ្មានប្រាក់នោះឡើយ!»។
16. លោកយ៉ូសែបមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាគ្មានប្រាក់ទេ ចូរយកហ្វូងសត្វមកឲ្យខ្ញុំ ខ្ញុំនឹងផ្ដល់ស្បៀងអាហារឲ្យអ្នករាល់គ្នាបរិភោគ»។
17. គេនាំហ្វូងសត្វមកជូនលោកយ៉ូសែប លោកយ៉ូសែបក៏ផ្ដល់ស្បៀងអាហារឲ្យគេ ជាថ្នូរនឹងសេះ ហ្វូងចៀម ហ្វូងគោ និងលាផង។ ដូច្នេះ នៅឆ្នាំនោះ លោកបានផ្ដល់ស្បៀងអាហារឲ្យគេ ហើយយកហ្វូងសត្វទាំងអស់របស់គេជាថ្នូរ។
18. លុះឆ្នាំនោះកន្លងផុតទៅ នៅឆ្នាំបន្ទាប់ ពួកគេមករកលោកម្ដងទៀត ពោលថា៖ «យើងខ្ញុំសូមជម្រាបលោកម្ចាស់តាមត្រង់ថា យើងខ្ញុំអស់ប្រាក់ហើយ រីឯហ្វូងសត្វក៏យើងខ្ញុំបានយកមកជូនលោកម្ចាស់អស់ដែរ យើងខ្ញុំគ្មានសល់អ្វីក្រៅពីខ្លួនប្រាណ និងដីធ្លី ជូនលោកម្ចាស់ប៉ុណ្ណោះ។
19. មិនត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខលោកម្ចាស់ឡើយ។ បើអត់ពីយើងខ្ញុំ ដីធ្លីរបស់យើងខ្ញុំក៏គ្មានប្រយោជន៍អ្វីដែរ។ ដូច្នេះ សូមលោកម្ចាស់ទិញទាំងយើងខ្ញុំ ទាំងដីធ្លីរបស់យើងខ្ញុំ ជាថ្នូរនឹងស្បៀងអាហារទៅ។ យើងខ្ញុំនឹងទៅជាទាសកររបស់ព្រះចៅផារ៉ោន ហើយដីធ្លីរបស់យើងខ្ញុំក៏ទៅជាកម្មសិទ្ធិរបស់ស្ដេចដែរ។ សូមលោកម្ចាស់ផ្ដល់ពូជស្រូវឲ្យយើងខ្ញុំសាបព្រោះ ដើម្បីឲ្យយើងខ្ញុំបានរួចជីវិតផុតពីសេចក្ដីស្លាប់ កុំឲ្យដីធ្លីរបស់យើងក្លាយទៅជាទីរហោស្ថាន»។
20. លោកយ៉ូសែបបានទិញដីទាំងអស់នៅស្រុកអេស៊ីប ថ្វាយព្រះចៅផារ៉ោន ដ្បិតជនជាតិអេស៊ីបនាំគ្នាលក់ដីរបស់គេរៀងៗខ្លួន ព្រោះតែទុរ្ភិក្សកើតមានរឹតតែខ្លាំងឡើងៗដូច្នេះ ស្រុកទាំងមូលក៏បានទៅជាកម្មសិទ្ធិរបស់ព្រះចៅផារ៉ោន។
21. លោកយ៉ូសែបបានជន្លៀសប្រជាជនពីក្រុងមួយ ទៅក្រុងមួយទៀតក្នុងស្រុកអេស៊ីប។
22. រីឯពួកបូជាចារ្យវិញ លោកយ៉ូសែបពុំបានទិញដីធ្លីរបស់ពួកគេទេ ព្រោះព្រះចៅផារ៉ោនមានចេញព្រះរាជក្រឹត្យមួយ ការពារពួកបូជាចារ្យទាំងនោះ។ ពួកគេទទួលស្បៀងអាហារពីស្ដេច ដូច្នេះ ពួកគេមិនបាច់លក់ដីធ្លីឡើយ។