1. លោកយ៉ូសែបទៅទូលព្រះចៅផារ៉ោនថា៖ «ឪពុក និងបងប្អូនរបស់ទូលបង្គំបានមកពីស្រុកកាណាន ទាំងនាំហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយផង ឥឡូវនេះ គេនៅតំបន់កូសែន»។
2. លោកយ៉ូសែបបាននាំបងប្អូនរបស់លោកប្រាំនាក់ ចូលទៅគាល់ព្រះចៅផារ៉ោន
3. ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់បងប្អូនលោកយ៉ូសែបថា៖ «តើអ្នករាល់គ្នាមានមុខរបរអ្វី?»។ ពួកគេទូលស្ដេចថា៖ «ទូលបង្គំយើងខ្ញុំជាគង្វាល ដូចដូនតារបស់យើងខ្ញុំដែរ»។
4. ពួកគេទូលស្ដេចទៀតថា៖ «ទូលបង្គំយើងខ្ញុំបានមកជ្រកកោននៅស្រុកនេះ ព្រោះនៅស្រុកកាណានកើតទុរ្ភិក្សខ្លាំងណាស់ ពុំមានស្មៅសម្រាប់ហ្វូងចៀមរបស់ទូលបង្គំយើងខ្ញុំឡើយ។ ហេតុនេះ សូមទ្រង់មេត្តាប្រោសឲ្យទូលបង្គំយើងខ្ញុំ រស់នៅក្នុងតំបន់កូសែនផង»។
5. ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «ឪពុក និងបងប្អូនរបស់លោកបានមកជួបជុំនឹងលោកហើយ។
6. លោកគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលស្រាប់ ដូច្នេះ សុំលោកចាត់ចែងឲ្យឪពុក និងបងប្អូនលោក តាំងទីលំនៅលើទឹកដីមួយកន្លែងដ៏ល្អជាងគេ សុំឲ្យពួកគេទៅរស់នៅក្នុងតំបន់កូសែនចុះ។ ក្នុងចំណោមពួកគេ ប្រសិនបើលោកឃើញនរណាមានសមត្ថភាព សុំតែងតាំងគេឲ្យមើលខុសត្រូវលើហ្វូងសត្វរបស់យើងផ្ទាល់ផង»។
7. លោកយ៉ូសែបនាំលោកយ៉ាកុប ជាឪពុក មកគាល់ព្រះចៅផារ៉ោនដែរ។ លោកយ៉ាកុបបានថ្វាយពរដល់ព្រះរាជា។
8. ព្រះចៅផារ៉ោនសួរលោកយ៉ាកុបថា៖ «តើលោកតាអាយុប៉ុន្មានហើយ?»។
9. លោកយ៉ាកុបទូលព្រះរាជាវិញថា៖ «ទូលបង្គំបានធ្វើដំណើរឆ្លងកាត់ជីវិតនេះ អស់រយៈពេលមួយរយសាមសិបឆ្នាំហើយ។ អាយុទូលបង្គំមិនវែងទេ ហើយក៏ជួបនឹងទុក្ខលំបាកជាច្រើនផង គឺទូលបង្គំរស់មិនបានយូរដូចបុព្វបុរសរបស់ទូលបង្គំ ដែលបានធ្វើដំណើរឆ្លងកាត់ជីវិតនេះឡើយ»។
10. លោកយ៉ាកុបថ្វាយពរព្រះចៅផារ៉ោនសាជាថ្មី រួចចាកចេញពីព្រះរាជាទៅ។