20. នៅស្រុកអេស៊ីប លោកយ៉ូសែបមានកូនប្រុសពីរនាក់ គឺ ម៉ាណាសេ និងអេប្រាអ៊ីម ជាកូនដែលលោកស្រីអាសណាត់ កូនស្រីលោកប៉ូទីផេរ៉ា បូជាចារ្យនៅក្រុងអូន បានបង្កើតជូនលោក។
21. កូនប្រុសរបស់បេនយ៉ាមីនមាន បេឡា បេគើរ អ័សបេល គេរ៉ា ណាម៉ាន អេហ៊ី រ៉ូស មូភីម ហ៊ូភីម និងអើឌ។
22. លោកទាំងនោះជាកូនដែលលោកស្រីរ៉ាជែលបានបង្កើតជូនលោកយ៉ាកុប។ កូន និងចៅរបស់លោកស្រីរ៉ាជែលមានចំនួនទាំងអស់ដប់បួននាក់។
23. កូនប្រុសរបស់លោកដាន់មាន ហ៊ូស៊ីម។
24. កូនប្រុសរបស់លោកណែបថាលីមាន យ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលិម។
25. លោកទាំងនេះជាកូនរបស់នាងប៊ីលហា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់លោកស្រីរ៉ាជែល។ នាងបានបង្កើតកូនទាំងនោះជូនលោកយ៉ាកុប។ កូន និងចៅរបស់នាងមានចំនួនទាំងអស់ប្រាំពីរនាក់។
26. ក្រុមគ្រួសាររបស់លោកយ៉ាកុប ដែលមកស្រុកអេស៊ីបជាមួយលោក មានគ្នាទាំងអស់ហុកសិបប្រាំមួយនាក់ ដោយឥតបានរាប់បញ្ចូលកូនប្រសាស្រីទេ។
27. បើរាប់បញ្ចូលកូនទាំងពីររបស់លោកយ៉ូសែប ដែលកើតនៅស្រុកអេស៊ីបផង ចំនួនសរុបនៃក្រុមគ្រួសាររបស់លោកយ៉ាកុប ដែលមករស់នៅក្នុងស្រុកអេស៊ីប មានទាំងអស់ចិតសិបនាក់។
28. លោកយ៉ាកុបបានចាត់លោកយូដា ឲ្យទៅតំបន់កូសែនមុនលោក។ ពេលក្រុមគ្រួសាររបស់លោកយ៉ាកុបទៅដល់តំបន់កូសែន
29. លោកយ៉ូសែបបានទឹមរថរបស់លោក រួចឡើងទៅកូសែន ដើម្បីទទួលលោកអ៊ីស្រាអែលជាឪពុក។ ពេលទៅដល់ភ្លាម លោកឱបឪពុក ហើយយំយ៉ាងយូរ។
30. លោកអ៊ីស្រាអែលមានប្រសាសន៍ទៅកាន់លោកយ៉ូសែបថា៖ «ឥឡូវនេះ បើពុកស្លាប់ក៏អស់ចិត្តដែរ ព្រោះពុកបានជួបមុខកូនវិញ និងឃើញថាកូននៅមានជីវិតនៅឡើយ!»។
31. លោកយ៉ូសែបមានប្រសាសន៍ទៅកាន់បងៗ និងក្រុមគ្រួសារឪពុកលោកថា៖ «ខ្ញុំនឹងទៅទូលព្រះចៅផារ៉ោនថា “បងៗ និងក្រុមគ្រួសាររបស់ឪពុកទូលបង្គំ នៅស្រុកកាណានបានមកជួបជុំនឹងទូលបង្គំហើយ។
32. ពួកគេទាំងអស់គ្នាសុទ្ធតែជាគង្វាល និងជាអ្នកចិញ្ចឹមសត្វ។ ពួកគេបាននាំហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយដែរ”។